ក្រសួងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីធានាយុត្តិធម៌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីធានាយុត្តិធម៌

ក្រសួងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីធានាយុត្តិធម៌

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១០ ខែសីហានេះ ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា ដំណើរការប្រឡងត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដើម្បីធានាយុត្តិធម៌ និងតម្លាភាព។

Advertisement

ថ្លែងនៅក្នុងពិធីបើកការប្រឡងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ស្ថានភាពនៃការប្រឡងឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនបន្តិច ថ្វីបើមានភ្លៀងធ្លាក់ខ្លះៗនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន តែមិនបានប៉ះពាល់ដល់ដំណើរការប្រឡងឡើយ។

ឯកឧត្តម ហង់ ជួន ណារ៉ុន បញ្ជាក់ថា ក្រសួងបានត្រៀមផែនការទប់ទល់នឹងបញ្ហាអាកាសធាតុ និងហានិភ័យផ្សេងៗដែលអាចកើតឡើង ព្រមទាំងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ប្រសិនបើមានតំបន់ណាមួយប្រឈមនឹងទឹកជំនន់ ឬទឹកលិចដែលអាចប៉ះពាល់ដល់ដំណើរការប្រឡង ក្រសួងនឹងផ្លាស់ប្ដូរទីតាំងប្រឡងភ្លាមៗ។ ខេត្តនីមួយៗមានផែនការរួចជាស្រេចសម្រាប់ដោះស្រាយស្ថានភាពបែបនេះ។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា ក្រសួងបានរឹតបន្តឹងការត្រួតពិនិត្យសម្ភារៈ និងឯកសារដែលបេក្ខជនអាចយកចូលមណ្ឌលប្រឡង ដើម្បីទប់ស្កាត់ការនាំយកសំណៅឯកសារមិនអនុញ្ញាតចូលក្នុងបន្ទប់ប្រឡង។

ឯកឧត្តមគូសបញ្ជាក់ថា ក្នុងដំណាក់កាលសំណេរ ក្រសួងមិនអនុញ្ញាតឲ្យយកប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡង មិនឱ្យថត និងមិនឱ្យបង្ហោះផ្សព្វផ្សាយ ដើម្បីធានាការជឿទុកចិត្ត និងទប់ស្កាត់ភាពរញ៉េរញ៉ៃ។ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ និងវិន័យ ក្រសួងនឹងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះករណីរំលោភបទបញ្ជាណាមួយ។

រដ្ឋមន្រ្តីក្រសួងអប់រំបន្តថា នៅដំណាក់កាលកំណែ ក្រសួងនឹងបន្តពង្រឹងការកែវិញ្ញាសាឱ្យកាន់តែសុក្រឹត ខណៈដំណាក់កាលបញ្ចូលពិន្ទុនឹងមានការត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយកំហុសឱ្យនៅតិចបំផុត។ ដើម្បីធានាយុត្តិធម៌ និងតម្លាភាព ក្រសួងអប់រំបានអញ្ជើញអង្គភាពពាក់ព័ន្ធចូលរួមត្រួតពិនិត្យគ្រប់ដំណាក់កាល ជាពិសេសដំណើរការរៀបចំ ថតចម្លង និងគ្រប់គ្រងវិញ្ញាសា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពយុត្តិធម៌នៃការប្រឡង គឺជាចំណុចសំខាន់សម្រាប់លើកទឹកចិត្តសិស្សឱ្យខិតខំរៀន និងគ្រូឱ្យខិតខំបង្រៀន។ ប្រសិនបើការប្រឡងគ្មានយុត្តិធម៌ សិស្សអាចបាត់បង់ទំនុកចិត្ត និងងាកទៅពឹងផ្អែកលើមធ្យោបាយផ្សេងៗ ដូចជាទូរសព្ទ ដើម្បីចម្លងក្នុងពេលប្រឡង ដែលអាចប៉ះពាល់ដល់គុណភាពអប់រំទាំងមូល។

ដោយឡែក ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា មន្ត្រីប្រឆាំងពុករលួយជាង ៤ ០០០នាក់ ចូលរួមឃ្លាំមើលដំណើរការប្រឡងឆ្នាំនេះ។ ដូចបណ្តាឆ្នាំកន្លងមក មន្ត្រី ACU នឹងបន្តឃ្លាំមើលដំណើរការប្រឡងយ៉ាងតឹងរ៉ឹង ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ និងតម្លាភាព។

សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួនជាង ២ ៨០០នាក់ ក៏ចូលរួមសម្របសម្រួល និងគាំទ្រដល់ដំណើរការប្រឡងនេះផងដែរ។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបទូទាំងប្រទេសជាង ១៥ម៉ឺននាក់៕

សែន ដាវិត

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា