កម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី

កម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី

កម្ពុជាពិតជាមោទកភាពខ្លាំងណាស់លើឆាកអន្តរជាតិ ដោយក្រុមតេក្វាន់ដូ ITF កម្ពុជាដណ្តើមបានមេដាយសរុបរហូតដល់ចំនួន៤១គ្រឿង ពីការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី។

Advertisement

ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីលើកទី១១ នៅប្រទេសម៉ុងហ្គោលី ពីថ្ងៃទី០៣ ដល់ទី០៩ ខែសីហា ឆ្នាំ២០២៦ បានបញ្ចប់ហើយ ដោយអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន៤១គ្រឿង ឈរនៅចំណាត់ថ្នាក់រួមលេ៥ ក្នុងចំណោម១៨ប្រទេសចូលរួម។

មេដាយដែលកម្ពុជាដណ្តើមបាន រួមមាន៖ មេដាយមាស ៨គ្រឿង ប្រាក់ ១២គ្រឿង និងសំរឹទ្ធ ២១គ្រឿង។ ប្រទេសកូរ៉េខាងជើងដែលជាម្ចាស់ក្បាច់គុណ ឈរនៅចំណាត់លេខ១ ម៉ុងហ្គោលីជាម្ចាស់ផ្ទះ ឈរនៅចំណាត់លេខ២ ប្រទេសរុស្ស៊ីលេខ៣ និងប្រទេសកាហ្សាក់ស្ថានឈរនៅចំណាត់លេខ៤។

ពីប្រទេសម៉ុងហ្គោលី លោក ប៉ាល់ ជីវ័ន្ត គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ AMS ថា ប្រទេសចំនួន១៨បានបញ្ជូនអត្តពលិកមកចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ITF ជើងឯកអាស៊ីលើកទី១១ នៅប្រទេសម៉ុងហ្គោលីនេះ។

លោកបញ្ជាក់ថា សម្រាប់កម្ពុជា បើរាប់អត្តពលិកពីអាយុ១៤ឡើងទៅ គឺជាប់ចំណាត់លេខ៥ក្នុងចំណោម១៨ប្រទេសចូលរួម ប៉ុន្តែបើរាប់អត្តពលិកពីអាយុ១៨ដល់៣៤ឆ្នាំ គឺកម្ពុជាទទួលបានពាន១ ចំណាត់លេខ២ ជាប្រទេសដែលដណ្តើមមេដាយច្រើនជាងគេ បន្ទាប់ពីប្រទេសកូរ៉េខាងជើង ហើយប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣។

ដោយឡែក ឯកឧត្តម ទេសរដ្ឋមន្រ្តី ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហោះសារអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងក្រុមហ៊ុនឧបត្តម ដែលបានរួមចំណែកធ្វើឲ្យកីឡាករតេក្វាន់ដូ ITF កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានគោរពថ្លែងអំណរអរគុណដល់ការលើកទឹកចិត្តពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានបង្ហាញពីការគាំទ្រយកចិត្តទុកដាក់ចំពោះវិស័យកីឡាកម្ពុជា។

ដោយមើលឃើញពីសមត្ថភាពរបស់កម្ពុជាក្នុងរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិ ប្រទេសសមាជិកសហព័ន្ធកីឡាតេក្វាន់ដូអាស៊ី (ATF) បានសម្រេចជាឯកច្ឆ័នប្រគល់សិទ្ធិឲកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី១២ នៅឆ្នាំ២០២៨៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា