ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមានអ្នកដំណើរ ៥២នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមានអ្នកដំណើរ ៥២នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមានអ្នកដំណើរ ៥២នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

មនុស្ស ៥២នាក់ស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងសរុបចំនួន ៦៩លើក ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។
 
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ​ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើត​ចេញពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រុងប្រយ័ត្ន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត​។
 
ភ្នំពេញមានករណីគ្រោះថ្នាក់ច្រើនជាងគេ បន្ទាប់មកខេត្តកណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ព្រៃវែង ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង រតនគិរី កោះកុង និងខេត្តកំពត។
 
របាយការណ៍ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបញ្ហាសង្គមដ៏សំខាន់មួយនា​រយៈពេលចុងក្រោយនេះ ដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ចផ្អាកការអនុវត្តច្បាប់ចរាចណ៍មួយរយៈ។
 
រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើង​វិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចំពោះការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តតែនៅក្នុងភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។
 
អ្នកឃ្លាំមើលការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានជំរុញឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹង​ ជាពិសេសចំពោះអ្នកបុកគេស្លាប់ ហើយរត់គេចមិនទទួលសុខត្រូវ។
 
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើតឡើងចំនួន ១ ២៧៩លើក គឺកើនឡើង ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ គ្រោះថ្នាក់ទាំងនេះបានបណ្តាល​ឱ្យចំនួនអ្នកស្លាប់ឡើងដល់ ៧៧៣នាក់ គឺកើនឡើង ១១ភាគរយ ហើយអ្នករបួសមានចំនួនជិត ២ពាន់នាក់ កើនឡើង ៣២ភាគរយ៕

Advertisement

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា