ប្រឡងបាក់ឌុបថ្ងៃទី១៖ គណៈកម្មការ​ប្រឡងចំនួន ៤រូបប្រឈមការដាក់ពិន័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រឡងបាក់ឌុបថ្ងៃទី១៖ គណៈកម្មការ​ប្រឡងចំនួន ៤រូបប្រឈមការដាក់ពិន័យ

ប្រឡងបាក់ឌុបថ្ងៃទី១៖ គណៈកម្មការ​ប្រឡងចំនួន ៤រូបប្រឈមការដាក់ពិន័យ

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅរសៀលថ្ងៃចន្ទទី១០ ខែសីហានេះថា មានគណៈកម្មការ​ប្រឡងចំនួន ៤រូបប្រឈមការដាក់ពិន័យ ដោយសារពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។
 
អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា ក្នុងចំណោមគណៈកម្មការ​ប្រឡងខាងលើនេះ មាន៣រូបត្រូវបានរកឃើញ និងដកហូតនាឡិកាឆ្លាតវៃនៅខេត្តសៀមរាប និងករណីមួយទៀតកើតមានក្នុងខេត្តបន្ទាយមានជ័យ។ ចំពោះគណៈកម្មការ​ប្រឡងទាំង៤រូបនេះ ប្រធានមណ្ឌលនឹងធ្វើរបាយការណ៍ពិសេសមកក្រសួង ដើម្បីជូនក្រុមប្រឹក្សាវិន័យ ពិនិត្យសម្រេចមុនប្រកាសលទ្ធផលប្រឡងបាក់ឌុប ។
 
 
នៅព្រឹកថ្ងៃទី១នៃប្រឡងបាក់ឌុបឆ្នាំនេះ មាន​បេក្ខជនចំនួន ១ ២៩៤នាក់បានអវត្ត​មាន ក្នុងនោះមានបេក្ខ​ជនស្វ័យរិនចំនួន ១ ១០០នាក់ និងបេក្ខជនចំណេះទូទៅចំនួន ១៩៤នាក់​។ បេក្ខជនចំនួន៩៦នាក់មានបញ្ហាសុខភាព ក្នុងនោះបោះបង់ការប្រ​ឡងចំនួន ១១នាក់ ខណៈបេក្ខជនប្រឡង​ដាច់ដោយឡែកមានចំនួន ២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២៧នាក់ និងគ្រោះថ្នាក់​ចរាចរ​ណ៍​មានចំនួន ២នាក់។
 
ទោះជាយ៉ាងណា បេក្ខជនដែលមានបញ្ហាសុខភាពអាចបន្តការប្រឡងឡើងវិញបន្ទាប់ពីមានអាការៈធូរស្រាល ក្រោម​ការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ។ ក្រសួងអប់រំបានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
 
ក្រសួងអប់រំ បានវាយតម្លៃថានៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា។
 
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥ម៉ឺន១ពាន់២៣៨នាក់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣ម៉ឺន៧ពាន់ ៤៤៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១១ម៉ឺន៣ពាន់៧៩៣នាក់៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា