ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅដោយរលូនល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅដោយរលូនល្អ

ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅដោយរលូនល្អ

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

Advertisement

ក្រសយងបញ្ជាក់ថា បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មានខេត្តចំនួន៧ រាជធានី-ខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ។

ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែកនារសៀលថ្ងៃទី១នេះមាន២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម)។

នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៣១៤នាក់ (ស្រី៤៨៧នាក់) ស្មើនឹង០,៨៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១១៥នាក់ (ស្រី៣៩៥នាក់) បេក្ខជនចំណេះទូទៅចំនួន១៩៩នាក់ (ស្រី៩២នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព១២១នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន១២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៤១នាក់ និងគ្រោះថ្នាក់ចរាចរណ៍៧នាក់។

ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២៨នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

នៅក្នុងដំណើរការសំណេរថ្ងៃទី១ មានការដកហូតគ្រឿងអេឡិចត្រូនិកហាមឃាត់ចំនួន៨ករណី ដែលក្នុងនោះមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃមួយករណី និងនាឡិកាឆ្លាតវៃ៣ករណី ពីបេក្ខជន ព្រមទាំងនាឡិកាឆ្លាតវៃ៤ករណីពីគណៈកម្មការ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។ ក្រសួងអប់រំ យុវជន និងកីឡា សូមរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា