អ្នកជំនាញថៃបន្តរិះគន់សៀមអំពីជំហរមិនច្បាស់លាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថៃបន្តរិះគន់សៀមអំពីជំហរមិនច្បាស់លាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ​

អ្នកជំនាញថៃបន្តរិះគន់សៀមអំពីជំហរមិនច្បាស់លាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ​


អ្នកវិភាគថៃបានរិះគន់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ តបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលោកយល់ថា វាបានបង្ហាញចំណុចខ្សោយនៃជំហរការទូត និងភាពជឿជាក់បានរបស់ថៃនៅលើឆាកអន្តរជាតិ។
 
ក្នុងអត្ថបទវិភាគមួយក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ» ចុះផ្សាយក្នុងសារព័ត៌មានថៃ​កាលពីថ្ងៃទី១០សីហា លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវផ្នែកនយោបាយអន្តរជាតិក្នុងតំបន់អាស៊ាន បានចង្អុលបង្ហាញពីចំណុចខ្សោយធំៗនៃជំហរការទូតរបស់ថៃ ឆ្លើយតបទៅនឹងលោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
 
ផ្អែកលើការវិភាគរបស់អ្នកជំនាញរូបនេះ ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យការឆ្លើយតបរបស់ក្រសួងការបរទេសថៃ ខ្វះតថភាពជាក់ស្តែង និងអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្យានុភាពការទូតរបស់ប្រទេសថៃខ្លួនឯង។
 
អ្នកស្រាវជ្រាវផ្នែកនយោបាយអន្តរជាតិថៃរូបនេះ បានគូសបញ្ជាក់ថា ចំពោះករណីដែល UN រាយការណ៍ថាមានជនភៀសខ្លួនកម្ពុជាប្រមាណ ៦៥ម៉ឺន នាក់ ដោយសារជម្លោះព្រំដែន ភាគីថៃបានតវ៉ាថា ពួកគេមួយផ្នែកជាប្រជាជនដែលរស់នៅក្នុងតំបន់មជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយមិនព្រមចាកចេញទៅវិញ ដូច្នេះពួកគេត្រូវចាត់ទុកជាអ្នកឈ្លានពានដែនដីថៃ មិនមែនជនភៀសខ្លួនក្នុងស្រុកឡើយ។
 
ប៉ុន្តែតាមការវិភាគរបស់លោក Suphalak ការដែលថៃលើកយករឿងមជ្ឈមណ្ឌលជនភៀសខ្លួនកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ មកពន្យល់អំពីស្ថានភាពជនភៀសខ្លួនក្នុងស្រុកនាពេលបច្ចុប្បន្ន គឺជាការភ្ជាប់ព្រឹត្តិការណ៍ពីរដែលមិនមានទំនាក់ទំនងគ្នាដោយផ្ទាល់។ លោកកត់សម្គាល់ថា ភាគីថៃមិនដែលធ្វើជំរឿនប្រជាពលរដ្ឋ ដែលថៃអះអាងថាបានបន្តរស់នៅលើទឹកដីថៃនោះទេ។ ​ លើសពីនេះ ប្រជាជនខ្មែរភាគច្រើនរស់នៅក្នុងដែនដីហួសពីខ្សែព្រំដែនដែលថៃទាមទារទៅទៀត ដូច្នេះការសន្និដ្ឋានថាពួកគេមិនព្រមចាកចេញពីដីថៃ គឺជាការអះអាងលើសពីការពិត។
 
ជាមួយគ្នានេះ លោក Suphalak ក៏បានចោទសួរអំពីការអះអាងថា តំបន់ជោគជ័យ-ណងចាន និងព្រៃចាន់-ណងយ៉ាកែវ ស្ថិតក្រោមអធិបតេយ្យភាពថៃ ដោយលើកឡើងថា តំបន់ទាំងនេះនៅតែជាតំបន់ដែលមានការអះអាងត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ ហើយកំពុងរង់ចាំការកំណត់ខ្សែព្រំដែនតាមយន្តការគណៈកម្មាធិការព្រំដែនរួម (JBC)។
 
អ្នកវិភាគរូបនេះក៏បានលើកឡើងថា ការយកបញ្ហា «សិទ្ធិវិលត្រឡប់ទៅមាតុភូមិ» មកពិភាក្សា មិនគួរត្រូវបានបង្រួមឱ្យនៅត្រឹមបញ្ហាអធិបតេយ្យភាពរបស់រដ្ឋនោះទេ ព្រោះគោលការណ៍មនុស្សធម៌ និងសិទ្ធិមនុស្ស គួរតែត្រូវបានអនុវត្តដោយមិនរើសអើងព្រំដែន។ លោកបន្ថែមថា ការអនុញ្ញាតឱ្យប្រជាជនរស់នៅលើទឹកដីណាមួយ មិនមានន័យថា រដ្ឋនោះបាត់បង់អធិបតេយ្យភាពលើទឹកដីរបស់ខ្លួនឡើយ។
 
ចំពោះការបកស្រាយរបស់ថៃថា ពលករកម្ពុជាប្រមាណ ៩០ម៉ឺននាក់ បានធ្វើដំណើរត្រឡប់ទៅប្រទេសវិញដោយស្ម័គ្រចិត្ត ហើយថៃមិនដែលប្រកាន់យកគោលនយោបាយបណ្តេញចេញនោះ លោក Suphalak បានបញ្ជាក់ថា សកម្មភាពជាក់ស្តែងរបស់ថៃធ្វើឱ្យពលករខ្មែរមិនអាចបន្តរស់នៅ ឬត្រឡប់ទៅធ្វើការនៅថៃវិញបាន។
 
នៅក្នុងសេចក្តីសន្និដ្ឋាន លោក Suphalak បានទទួលស្គាល់ថា រដ្ឋាភិបាលថៃមានសិទ្ធិពេញលេញក្នុងការឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែការជ្រើសរើសបង្ហាញព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬការលើកយកតែផ្នែកខ្លះនៃអង្គហេតុ មិនបានផ្តល់ប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញវាបានកាត់បន្ថយភាពគួរឱ្យទុកចិត្តបានរបស់ប្រទេសថៃខ្លួនឯងលើឆាកអន្តរជាតិ។
 
ការវិភាគរបស់អ្នកជំនាញថៃរូបនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន យកទៅចែករំលែកទាំងស្រុងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជានិងថៃ បានជ្រាប និងយល់ដឹង ដោយសម្តេចមិនបានធ្វើការអត្ថាធិប្បាយបន្ថែមអ្វីឡើយ ៕ ទួន សុផល

Advertisement


ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា