ថៃសង់លេណដ្ឋាន និងអូសបណ្តាញអគ្គិសនីចូលតំបន់ប្រាសាទតាក្របី និងភ្នំ ៣៣៣ ក្នុងដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃសង់លេណដ្ឋាន និងអូសបណ្តាញអគ្គិសនីចូលតំបន់ប្រាសាទតាក្របី និងភ្នំ ៣៣៣ ក្នុងដីកម្ពុជា

ថៃសង់លេណដ្ឋាន និងអូសបណ្តាញអគ្គិសនីចូលតំបន់ប្រាសាទតាក្របី និងភ្នំ ៣៣៣ ក្នុងដីកម្ពុជា

រដ្ឋាភិបាលកម្ពុជា បានប្រកាសប្រឆាំងចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ដោយបានទាមទារឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។

ការប្រកាសតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ បន្ថែមលើនេះ នៅថ្ងៃទី៧ ខែសីហា រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ខ្លួនចូលមកកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ របស់កម្ពុជាថែមទៀត។

សកម្មភាពទាំងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងជាការរំលោភលើកាតព្វកិច្ចក្រោមសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ជាពិសេសមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងចំណុចទី១ នៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Advertisement

យោងតាមក្រសួងការបរទេសកាលពីយប់ថ្ងៃទី ១១ សីហារាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងដាច់ខាតចំពោះការរំលោភបំពានទាំងនេះ និងបានបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ទាំងអស់ខាងលើ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១ លើ ២០០ពាន់ របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការចង់បានជាឯកតោភាគីរបស់ថៃឡើយ ហើយទាមទារឱ្យថៃបញ្ឈប់សកម្មភាពរំលោភបំពានទាំងអស់ជាបន្ទាន់។ ទន្ទឹមនេះ កម្ពុជាប្រកាសពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។

ដោយឡែក ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សង្គ្រាមបានបង្កផលប៉ះពាល់ដោយផ្ទាល់ដល់តំបន់ស៊ីវិលចំនួន ៣៤៩ ក្រុង និងភូមិ តាមរយៈការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងយុទ្ធភណ្ឌផ្សេងៗ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជិត ១០ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៦ម៉ឺននាក់។

បច្ចុប្បន្ន អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវចំនួន ៣៣៥ ភូមិ ដោយរកឃើញផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមសរុបជាង ៣ ៨០០ គីឡូម៉ែត្រក្រឡា។ តួលេខនេះនៅមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋដែលបានភៀសខ្លួននៅឡើយទេ។

ក្រៅពីអាយុជីវិត និងជីវភាពប្រជាជន សង្គ្រាមក៏បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអគារតូចធំរាប់ម៉ឺនខ្នង។ សំណង់ទាំងនោះកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះ ក្នុងពេលរង់ចាំការស្វែងរកយុត្តិធម៌ពិតប្រាកដមួយ៕ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា