ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារ JICA រៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារ JICA រៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន

ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារ JICA រៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន

 ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្ត «គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលជាគម្រោងសហប្រតិបត្តិការបច្ចេកទេសរយៈពេល៣ឆ្នាំ ក្នុងគោលបំណងពង្រឹងការធ្វើផែនការរយៈពេលវែង សមត្ថភាពស្ថាប័ន និងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា។

Advertisement

គម្រោងបានរៀបចំផែនការសំខាន់ៗក្នុងវិស័យទឹកស្អាត ក្នុងនោះមានគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្តជាគំរូសម្រាប់ខេត្តកំពត និងខេត្តព្រៃវែង និងផែនការមេរបស់រដ្ឋាករទឹកកំពត។

ជាងនេះទៅទៀត គម្រោងក៏បានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត ព្រមទាំងរដ្ឋាករទឹកសាធារណៈ តាមរយៈការចុះសិក្សាដល់មូលដ្ឋាន សិក្ខាសាលាបច្ចេកទេស ការបណ្តុះបណ្តាលនៅប្រទេសជប៉ុន និងការរៀបចំផែនការរួមគ្នា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលជប៉ុន និង JICA សម្រាប់ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងជាមួយកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីថ្ងៃនេះគឺជាការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោងនិងជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ឯកសារទាំងអស់ដែលគម្រោងសម្រេចបានមិនមែនគ្រាន់តែជារបាយការណ៍ដែលរៀបចំឡើងសម្រាប់គម្រោងនេះប៉ុណ្ណោះទេតែវាជាឧបករណ៍សម្រាប់ការគ្រប់គ្រងនិងការធ្វើផែនការជាក់ស្តែងដែលនឹងរួមចំណែកដល់វិស័យទឹកស្អាតរបស់កម្ពុជារហូតដល់ឆ្នាំ២០៤០។

ឯកឧត្តមបានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងមន្ទីររាជធានី-ខេត្តប្រើប្រាស់គោលការណ៍ណែនាំទាំងនេះយ៉ាងសកម្មក្នុងការរៀបចំផែនការវិនិយោគនាពេលអនាគត និងផែនការមេរបស់រដ្ឋាករទឹកនីមួយៗ ព្រមទាំងបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យផ្តល់ជំនួយស្របតាមទិសដៅជាតិ ដើម្បីពង្រឹងការសម្របសម្រួល និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

លោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា បានលើកឡើងថា សារសំខាន់នៃគម្រោងនេះមិនត្រឹមតែស្ថិតនៅលើសមិទ្ធផលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើសមត្ថភាពស្ថាប័ន និងធនធានមនុស្សដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំកន្លងមក។​

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ JICA ក្នុងការបន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពស្ថាប័ន ការកែលម្អការគ្រប់គ្រងរដ្ឋាករទឹកសាធារណៈ ការជំរុញការវិនិយោគប្រកបដោយនិរន្តរភាព និងការពង្រីកលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។

សូមបញ្ជាក់ថា លទ្ធផលនៃគម្រោងនឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌរួមមួយ ដើម្បីប្រែក្លាយគោលដៅរយៈពេលវែងនៃវិស័យទឹកស្អាត ទៅជាផែនការ ការវិនិយោគ និងការអនុវត្តជាក់ស្តែង៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា