ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនបានចូលរួមពិនិត្យ និងព្យាបាលអ្នកជំងឺកម្ពុជាជាងមួយម៉ឺនក្នុងរយៈពេលមួយឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនបានចូលរួមពិនិត្យ និងព្យាបាលអ្នកជំងឺកម្ពុជាជាងមួយម៉ឺនក្នុងរយៈពេលមួយឆ្នាំ

ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនបានចូលរួមពិនិត្យ និងព្យាបាលអ្នកជំងឺកម្ពុជាជាងមួយម៉ឺនក្នុងរយៈពេលមួយឆ្នាំ

ក្រសួងសុខាភិបាល បានបំពាក់គ្រឿងឥស្សរិយយសដល់ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ ដែលបានជួយពិនិត្យ និងព្យាបាលអ្នកជំងឺកម្ពុជាជាងមួយម៉ឺនក្នុងរយៈពេលមួយឆ្នាំនៃបេសកកម្មនៅកម្ពុជា។

Advertisement

ក្នុងរយៈពេលមួយឆ្នាំនៃបេសកកម្មនៅកម្ពុជា ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ មកពីទីក្រុង Chengdu ខេត្ត Sichuan នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមផ្តល់សេវាពិនិត្យ និងព្យាបាលជូនអ្នកជំងឺកម្ពុជាប្រមាណ ១១ ០០០ នាក់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យចិនក៏បានចុះបំពេញបេសកកម្មផ្តល់សេវាសុខាភិបាលនៅ ២០ រាជធានី-ខេត្ត ដោយបានផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋជាង ៤ ០០០ នាក់។

ការចូលរួមរបស់ក្រុមគ្រូពេទ្យចិននេះ ត្រូវបានក្រសួងសុខាភិបាលចាត់ទុកថាជាការរួមចំណែកជាក់ស្តែងក្នុងការពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសេវាវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា។

កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនទាំងនេះ ដើម្បីជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការរួមចំណែកដ៏មានតម្លៃរបស់ពួកគាត់ ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សមាជិកក្រុមគ្រូពេទ្យចិន និងភ្ញៀវកិត្តិយសជាច្រើនរូប។

យោងតាមក្រសួងសុខាភិបាល កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍រវាងអ្នកជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងប្រជាជនចិន។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងក្រុមគ្រូពេទ្យចិន ដែលបានបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កម្ពុជា។ ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ការបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ មិនត្រឹមតែជាការទទួលស្គាល់ចំពោះការលះបង់ និងការខិតខំបំពេញបេសកកម្មរបស់ក្រុមគ្រូពេទ្យប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យសុខាភិបាលផងដែរ។

ពិធីនេះក៏ជាឱកាសសម្រាប់កម្ពុជា ស្វាគមន៍ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៥ ដែលនឹងបន្តបេសកកម្មផ្តល់សេវាសុខាភិបាល និងចែករំលែកចំណេះដឹងជាមួយអ្នកជំនាញសុខាភិបាលកម្ពុជា៕

ដោយ ទឹង សុខលីម

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា