ស្ថាបត្យករកម្ពុជារួមគ្នារៀបចំទីក្រុង និងលំនៅឋាន ប្រែក្លាយប្រទេសឱ្យទៅជារដ្ឋស៊ីវិល័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបត្យករកម្ពុជារួមគ្នារៀបចំទីក្រុង និងលំនៅឋាន ប្រែក្លាយប្រទេសឱ្យទៅជារដ្ឋស៊ីវិល័យ

ស្ថាបត្យករកម្ពុជារួមគ្នារៀបចំទីក្រុង និងលំនៅឋាន ប្រែក្លាយប្រទេសឱ្យទៅជារដ្ឋស៊ីវិល័យ

ក្រសួងរៀបចំដែនដីណែនាំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ឲ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងលើកទឹកចិត្តដល់បុគ្គលិកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីជំរុញឲ្យស្ថាប័នដំណើរការទៅមុខ និងរួមចំណែកដល់ការងាររៀបចំក្រុង ក្នុងគោលដៅរួមប្រែក្លាយកម្ពុជាទៅជាប្រទេសរដ្ឋស៊ីវិល័យ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល។

Advertisement

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ក្នុងឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តរបស់ក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនូវផែនការមួយចំនួន សម្រាប់ជាចន្លុះបំភ្លឺផ្លូវដល់ក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា បន្តដំណើរឆ្ពោះទៅមុខក្នុងការអនុវត្តការងារ ជាឧត្តមប្រយោជន៍ជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍ដឹកនាំជារួម សម្រាប់ធានាដំណើរការប្រតិបត្តិការរបស់ក្រសួងដែលជាមូលដ្ឋានគ្រឹះ ឬជាឬសកែវនៃវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំថា ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ក្នុងនាមគណៈស្ថាបត្យករកម្ពុជា ត្រូវរក្សាស្មារតីសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម ព្រមទាំងការពារសង្គមនិងសេដ្ឋកិច្ចផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពេលវេលានេះ ជាឱកាសដ៏ល្អសម្រាប់កម្ពុជាបើគិតចាប់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មក និងបន្ទាប់ពីយើងបានបង្កើតបរិយាកាស គ្មានវិវាទនៅកម្ពុជា ដែលរួមមានការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការដោះស្រាយវិវាទនៅតំបន់បឹងទន្លេសាបនិងតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងដោះស្រាយបញ្ហាវិវាទបុរី ជាដើម។

ឯកឧត្តមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ទិសដៅប្រែក្លាយកម្ពុជាឱ្យទៅជារដ្ឋស៊ីវីល័យ ដូច្នេះការរៀបចំក្រុងគឺជាការងារអាទិភាពដ៏សំខាន់ ហើយក្នុងកិច្ចការនេះ គណៈស្ថាបត្យករអាចចូលរួមរៀបចំតាមទីប្រជុំជនខេត្ត ស្រុក ក្រុងនីមួយៗទូទាំងប្រទេស ដោយយកលំនាំតាមអ្វីដែលយើងកំពុងធ្វើនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ, នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុនិង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឱ្យទីប្រជុំជនធំទូលាយប្រកបដោយសុវត្ថិភាព និងសោភណភាព ត្រូវកសាងផ្លូវជាតិមកទីប្រជុំជន ដែលមានចំណតរថយន្ត ផ្លូវថ្មើរជើងនិងផ្លូវជិះកង់ ដែលបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងតែធ្វើជាបណ្ដើរៗហើយ បន្ថែមពីនេះត្រូវមានបណ្ដាញទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ សួននិងលំហសាធារណៈ ដោយការប្រែក្លាយវត្ថុដែលមានស្រាប់ ឲ្យទៅជាគុណតម្លៃនៃជីវិតរបស់ប្រជាជន ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការងាររៀបចំក្រុង គឺជាកិច្ចការចាំបាច់ ដូច្នេះស្ថាបត្យករទាំងអស់ គួរតែចូលរួមបញ្ចេញស្នាដៃនិងគំនិតថ្មីៗក្នុងការរៀបចំទីក្រុង ទីប្រជុំជន និងតំបន់របៀងសេដ្ឋកិច្ច នៅទូទាំងប្រទេស ដោយរាល់ស្នាដៃទាំងអស់ដែលបានបញ្ចេញមកនោះនឹងត្រូវបានលើកតម្កើង។ ផ្ដើមចេញពីកិច្ចការស្ថាបត្យកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចង់ឱ្យមានការរៀបចំលំនៅឋានឱ្យបានរៀបរយប្រកបដោយសិល្បៈ វិទ្យាសាស្រ្ត គុណតម្លៃនៃគ្រួសារ និងលំនឹងគ្រួសារ ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជារដ្ឋស៊ីវីល័យ ស្របតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា