ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន ជំរុញការវិនិយោគ និងការលើកទឹកចិត្តពន្ធដារនៅខេត្តមណ្ឌលគិរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន ជំរុញការវិនិយោគ និងការលើកទឹកចិត្តពន្ធដារនៅខេត្តមណ្ឌលគិរី
នយោបាយ 11/08/2026

ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន ជំរុញការវិនិយោគ និងការលើកទឹកចិត្តពន្ធដារនៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖នៅខេត្តមណ្ឌលគិរីនាដើមសប្ដាហ៍នេះក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន(ក.វ.ឦសាន) បានជួបពិភាក្សា​ជាមួយធុរជនក្នុងខេត្តមណ្ឌលគិរីដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» និងផ្សព្វផ្សាយពីការលើកទឹកចិត្តផ្នែកពន្ធដារ ការសម្រួលនីតិវិធី និងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី។

Advertisement

កិច្ចប្រជុំពិភាក្សាត្រូវបានរៀបចំឡើងនៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដោយមានការចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងតំណាងក្រុមហ៊ុន/ធុរជនជាច្រើនរូប។

ក្នុងជំនួបនេះ ក្រុមការងារបានលើកឡើងពីអត្ថប្រយោជន៍ និងការលើកទឹកចិត្តជាច្រើន ដូចជាការគាំទ្រពិសេសដល់សហគ្រាស​ធុនតូច និងមធ្យម ដោយបន្ធូរបន្ថយទុនវិនិយោគអប្បបរមាចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅអាចស្នើសុំចុះបញ្ជីបាន។ លើសពីនេះ អាជីវកម្មដែលមិនទាន់ចុះបញ្ជីពន្ធដារ អាចមកចុះបញ្ជីដោយស្ម័គ្រចិត្តត្រឹមដំណាច់ឆ្នាំ២០២៦ ដោយទទួលបានការលើកលែង​ពិន័យ និងបំណុលពន្ធកន្លងមក។

ទាក់ទងនឹងសំណួរនិងបញ្ហាប្រឈមលើការស្នើសុំសិទ្ធិប្រើប្រាស់ដីធ្លីរបស់រដ្ឋ ក្រុមការងារ និងអាជ្ញាធរខេត្តបានស្រាយបំភ្លឺថា ជាកិច្ចការស្មុគស្មាញនិងរសើប ដែលទាមទារឱ្យមានការពិនិត្យម៉ត់ចត់លើអនុលោមភាពច្បាប់ ស្ថានភាពដី និងសមត្ថភាព​វិនិយោគិន មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសម្រេច។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក.វ.ឦសាន ត្រៀមខ្លួនជាស្រេចក្នុងការសម្រួលនីតិវិធីតាម «យន្តការច្រកចេញ​ចូលតែមួយ» និងដោះស្រាយបញ្ហារាំងស្ទះជូនវិនិយោគិន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ ក.វ.ឦសាន ទទួលបានសំណើគម្រោងសរុបចំនួន ៧២​គម្រោង ក្នុងទុនវិនិយោគ ២.៦៥០លានដុល្លារ។ ក្នុងនោះ ខេត្តមណ្ឌលគិរី មានចំនួន ២២គម្រោង ក្នុងទុនវិនិយោគ ៥១១​លានដុល្លារ និងអាចបង្កើតឱកាសការងារបានជាង ៥ពាន់កន្លែង (៥.០០៣កន្លែង) លើវិស័យអាទិភាព កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា