រដ្ឋកំពុងពង្រីកវិសាលភាពសេវាសុខាភិបាលដល់ពលរដ្ឋឱ្យបាន ៨០% និងកាត់បន្ថយចំណាយផ្ទាល់ខ្លួនឲ្យនៅត្រឹម ៣៥% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋកំពុងពង្រីកវិសាលភាពសេវាសុខាភិបាលដល់ពលរដ្ឋឱ្យបាន ៨០% និងកាត់បន្ថយចំណាយផ្ទាល់ខ្លួនឲ្យនៅត្រឹម ៣៥%

រដ្ឋកំពុងពង្រីកវិសាលភាពសេវាសុខាភិបាលដល់ពលរដ្ឋឱ្យបាន ៨០% និងកាត់បន្ថយចំណាយផ្ទាល់ខ្លួនឲ្យនៅត្រឹម ៣៥%

កម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការគ្របដណ្តប់សុខភាពជូនប្រជាជនឱ្យបាន ៨០ភាគរយ និងកាត់បន្ថយចំណាយសុខាភិបាលពីហោប៉ៅផ្ទាល់ខ្លួនរបស់គ្រួសារ ឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសុខាភិបាលសរុប។ នេះបើតាមឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា។
 
លោកបានលើកឡើងដូច្នេះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងវេទិកាលើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ ​ឯកឧត្តមបន្តថា កម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក បណ្តុះបណ្តាលបុគ្គលិកសុខាភិបាលបន្ថែម និងធានាប្រសិទ្ធភាពនៃការផ្គត់ផ្គង់ឱសថ សម្ភារ និងបរិក្ខារពេទ្យ។
 
ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤១ភាគរយ ស្មើនឹងប្រមាណ ៧លាននាក់ កំពុងទទួលបានកិច្ចគាំពារសុខភាពតាមរយៈប្រព័ន្ធគាំពារសង្គម ខណៈការគ្របដណ្តប់សេវាសុខាភិបាលបានកើនឡើងពី ៦០,១ភាគរយ ក្នុងឆ្នាំ២០២៤ ដល់ ៦៣,៦ភាគរយ ក្នុងឆ្នាំ២០២៥។
 
បើតាមឯកឧត្តម ការកែលម្អវិស័យសុខាភិបាល និងការឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ទាមទារឱ្យមានហិរញ្ញប្បទានប្រកបដោយចីរភាព ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ព្រមទាំងការគាំទ្រ និងការតាមដានត្រួតពិនិត្យយ៉ាងដិតដល់ពីស្ថាប័នសភា។
 
ចំណែកលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភា បានបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននៅតំបន់ជនបទ សហគមន៍ងាយរងគ្រោះ និងក្រុមប្រជាជនងាយរងគ្រោះ នៅតែជួបប្រទះការលំបាកក្នុងការទទួលបានសេវាសុខាភិបាលដែលមានគុណភាព។ លោកជំទាវចាត់ទុកថា បញ្ហានេះមិនមែនជាបញ្ហាប្រឈមផ្នែកបច្ចេកទេសតែមួយមុខទេ ប៉ុន្តែជាបញ្ហាប្រឈមផ្នែកនយោបាយផងដែរ។
 
សូមបញ្ជាក់ថា កម្ពុជាកំពុងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំ២០២៤-២០៣៥ ដែលជាគ្រឹះសម្រាប់កំណត់ទិសដៅយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល។ ផែនទីបង្ហាញផ្លូវនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃពីខែឧសភា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប។ តាមរយៈផែនការនេះ រដ្ឋចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបដិសេធ និងត្រូវបានទុកចោល ពេលមានជំងឺឡើយ៕

Advertisement

ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា