ការប្រឡងបាក់ឌុបឆ្នាំនេះដំណើរការល្អ ប៉ុន្តែមានករណីភ្ញាក់ផ្អើលមួយចំនួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រឡងបាក់ឌុបឆ្នាំនេះដំណើរការល្អ ប៉ុន្តែមានករណីភ្ញាក់ផ្អើលមួយចំនួន

ការប្រឡងបាក់ឌុបឆ្នាំនេះដំណើរការល្អ ប៉ុន្តែមានករណីភ្ញាក់ផ្អើលមួយចំនួន

ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ ស្ងប់ស្ងាត់ និងរបៀបរៀបរយ ស្របតាមសេចក្ដីណែនាំរបស់ក្រសួង។ ទោះបីយ៉ាងណា មានករណីមិនប្រក្រតីមួយចំនួនបានកើត​ឡើង ហើយករណីខ្លះគួរឲ្យភ្ញាក់ផ្អើលផងដែរ។
 
ជាក់ស្តែងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សំបួរមាស ខេត្តកំពង់ចាម មានសិស្សប្រុសម្នាក់បានមកមណ្ឌលប្រឡង តែគ្មានឈ្មោះក្នុងបញ្ជីបេក្ខជនឡើយ។ ក្រោយការផ្ទៀងផ្ទាត់របស់គណៈមេប្រយោគ និងក្រុមការងារសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ ​បានរកឃើញថា សិស្សរូបនេះពុំមានឈ្មោះក្នុងបញ្ជីឡើយ ដោយសាររូបគេបានធ្លាក់ថ្នាក់ទី១១ តែបានកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងបាក់ឌុបនឹងគេដែរ។
 
ជាមួយគ្នានេះ បេក្ខជន១រូប ឈ្មោះ សុវណ្ណារ៉ា រក្សា នៅក្នុងបញ្ជីបេក្ខជន និងសាលកបត្រឯក្តជន ដាក់ថាភេទប្រុស ប៉ុន្តែមកប្រឡងបែរជាមនុស្សស្រីទៅវិញ។ គណ:កម្មការប្រឡងបានផ្ទៀងមុខជាមួយនឹងរូបថត ឃើញថាជាមនុស្សតែម្នាក់ ក៏អនុញ្ញាតឲ្យបេក្ខជនរូបនេះប្រឡងធម្មតា ដោយគ្រាន់តែឆូតភេទប្រុស ដាក់ភេទស្រីវិញ។ ករណីនេះកើតឡើងនៅខេត្តកំពង់ស្ពឺ។ នេះបើតាម ACU។
 
យោងតាមក្រសួងអប់រំ ក្នុងដំណើរការប្រឡងពីរថ្ងៃនេះ មានការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន ១២ករណី ក្នុងនោះដកហូតពីបេក្ខជន ៥ ករណី និងគណៈកម្មការ ៧ករណី។ បទល្មើសរបស់បេក្ខជន គឺការព្យាយាមនាំចូលបន្ទប់ប្រឡងនូវវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ១ករណី, ទូរសព្ទឆ្លាតវៃ ១ករណី, និងនាឡិកាឆ្លាតវៃ ៣ករណី ចំណែកគណៈកម្មការត្រូវបានរកឃើញថា ប្រើទូរសព្ទឆ្លាតវៃ ១ករណី និងពាក់នាឡិកាឆ្លាតវៃ ៦ករណី។ ក្រសួងនឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។
 
​ក្រសួងអប់រំបានបញ្ជាក់ផងដែរថា បេក្ខជនអវត្តមានសរុបមានចំនួន ១ ៣៥២នាក់ ស្មើនឹង ០,៨៩ភាគរយនៃបេក្ខជនប្រឡងទាំងជាង១៥ម៉ឺននាក់ ក្នុងនោះ បេក្ខជនស្វ័យរិនអវត្តមានច្រើនជាងគេ គឺចំនួន ១ ១៤៧នាក់ និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់។
 
រីបេក្ខជនមានបញ្ហាសុខភាពសរុបមានចំនួន ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជនបន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់។
 
លទ្ធផលប្រឡង​គ្រោងនឹងប្រកាសទូទាំង​ប្រទេសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅគ្រប់មណ្ឌលប្រឡង និងលើទំព័រហ្វេសប៊ុក​ផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា