អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនត្រឹម​តែអាចបង្កភាពវឹកវរក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់​សន្តិ​​សុខព័ត៌​មាន ទំនុកចិត្តសាធារណៈ និងព្យសនកម្មដែលមិនអាចនឹក​ស្មានដល់។ ការពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើនស្មារតីប្រុងប្រយ័ត្នរៀងៗខ្លួន គឺជាវិធានការការពារ​ដ៏មានប្រសិទ្ធភាពប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ។

Advertisement

«រួមគ្នាប្រកាន់ខ្ជាប់ឥរិយាបថល្អពេលប្រើបណ្តាញសង្គម ដោយម្នាក់ៗពង្រឹងការទទួលខុសត្រូវ គឺយើងត្រូវប្រុងប្រយ័ត្ន និងសូមផ្ទៀងផ្ទាត់៖
-ពិនិត្យប្រភពដើម៖ សូមផ្ទៀងផ្ទាត់ថាតើព័ត៌មានចេញពីស្ថាប័នផ្លូវការ ប្រភពព័ត៌មានដែលមានអាជ្ញាបណ្ណ ឬអ្នកជំនាញច្បាស់លាស់ ឬវាគ្រាន់តែជាគណនីបន្លំ/មិនមានអត្តសញ្ញាណ។
-កុំប្រញាប់ចែករំលែក៖ ជៀសវាងការ Share ភ្លាមៗដោយគ្រាន់តែអានចំណងជើងដែលមានលក្ខណៈទាក់ទាញ។ ត្រូវចំណាយបន្តិចដើម្បីអានខ្លឹមសារទាំងមូល និងពិចារណាលើហេតុផលមុននឹងសម្រេចចិត្ត។
-ផ្ទៀងផ្ទាត់កាលបរិច្ឆេទ និងរូបភាព៖ ព័ត៌មានចាស់ៗ រូបភាព ឬវីដេអូកាត់ត/ខុសបរិបទ ជារឿយៗត្រូវបានគេយកមកបង្ហោះឡើងវិញដើម្បីបង្វែរដាន ឬបង្កការភ័យខ្លាច។
-ប្រៀបធៀបប្រភពច្រើន៖ ពិនិត្យមើលថាតើមានស្ថាប័នព័ត៌មានផ្សេងទៀតដែលយើងទុកចិត្តបាន បានរាយការណ៍អំពីប្រធានបទដូចគ្នានេះដែរឬទេ។
-កុំរំជើបរំជួលតាមអារម្មណ៍៖ ព័ត៌មានក្លែងក្លាយភាគច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កើតភាពភ័យខ្លាច អារម្មណ៍ខឹងសម្បារ ឬភ្ញាក់ផ្អើលខ្លាំង។ បើយើងជួបព័ត៌មានបែបនេះ ឬស្រដៀងគ្នាដែលជំរុញប្រតិកម្មអារម្មណ៍ សូមផ្អាកបន្តិចសិន ហើយផ្ទៀងផ្ទាត់ជាមុន។»

អ្នកនាំពាក្យបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការ​ប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានបង្ហាញពីទំនោរ​(trend) ធ្លាក់ចុះនៃព័ត៌មានក្លែងក្លាយ ពីខែឧសភា (ដែលខែឧសភានេះ ជាពេលដែលក្រសួងបានចាប់ផ្តើមយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២) ដល់កក្កដា ២០២៦—គឺសង្កេតឃើញនិន្នា​ការ​ធ្លាក់ចុះនៃករណីព័ត៌មានក្លែងក្លាយ។ សរុបករណីដែលបានកត់ត្រា៖ ៥៨៣ ករណី ក្នុងខែឧសភា បានថយចុះមកត្រឹម ៤៨៥ ករណី ក្នុងខែមិថុនា (ថយចុះ ១៦,៨%) និងបន្តធ្លាក់ចុះមកត្រឹម ៣៦១ ករណី ក្នុងខែកក្កដា (ថយចុះ ២៥,៥% ប្រៀបធៀបនឹងខែមិថុនា ហើយថយចុះ ៣៨% បើធៀបនឹង ឧសភា)។

ក្រៅពីយន្តការ និងវិធីសាស្ត្រជាក់លាក់ ដែលក្រសួងព័ត៌មានបានដឹកនាំអនុវត្តនាពេលកន្លងមក យុទ្ធនាការដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយអ្នកប្រើប្រាស់បណ្តាញសង្គមពី «អ្នករងគ្រោះដោយព័ត៌មានក្លែងក្លាយ» ទៅជា «ពលរដ្ឋឌីជីថលដែលមានភាពម្ចាស់ការ និងការទទួលខុសត្រូវ» ពោលគឺបានពង្រឹងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនពលរដ្ឋ ពិសេសក្នុងចំណោមយុវវ័យ។ យុវជនកម្ពុជាមិនត្រឹមតែយល់ដឹងពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករយ៉ាងសកម្មក្នុងការការពារ លំហសុវត្ថិភាពព័ត៌មាន ការពារសិទ្ធិទទួលព័ត៌មានពិត និងប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងភាពស្មោះត្រង់ក្នុងក្របខណ្ឌច្បាប់។

ការបញ្រ្ជាប និងសន្ទុះនៃយុទ្ធនាការបានរីកសាយភាយដល់កម្រិតមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត។កំណើននេះបានជំរុញឱ្យមានការចូលរួមទប់ទល់ព័ត៌មានបំពុល និងការកាតផ្តាច់ការចែករំលែកព័ត៌មានក្លែងក្លាយ ដែលបានសបញ្ជាក់ឱ្យឃើញពីស្មារតីចូលរួមទទួលខុសត្រូវក្នុងសង្គមឌីជីថល ជាពិសេសយុវវ័យចាប់យកជម្រើសត្រួតពិនិត្យប្រភពព័ត៌មាន គឺស្វ័យត្រួតពិនិត្យ និងផ្ទៀងផ្ទាត់មុននឹងជឿ ឬចែករំលែកព័ត៌មាននីមួយៗ ចេញពីបណ្តាញសង្គម។

ក្រសួងព័ត៌មាននឹងបន្តពង្រឹងការអនុវត្តយន្តការ និងក្របខណ្ឌវិធានការ ក្នុងនោះកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានសិក្សា មានសារៈសំខាន់ ដើម្បីជ្រាបចូលកាន់តែជ្រៅនូវ អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុងសង្គមកម្ពុជា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា