កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងឆ្ពោះទៅជប៉ុន មុនមានសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងឆ្ពោះទៅជប៉ុន មុនមានសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងឆ្ពោះទៅជប៉ុន មុនមានសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ ពោលគឺនៅប៉ុន្មានថ្ងៃ មុនពេលចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

Advertisement

សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានរយៈពេល ១១ ថ្ងៃនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ។ វាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅរដូវក្តៅ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

ទីក្រុងព្យុងយ៉ាងតែងតែបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសមយុទ្ធទាំងនេះ ដោយចាត់ទុកថាវាជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន ហើយកន្លងមក ពួកគេតែងតែធ្វើការបាញ់សាកល្បងមីស៊ីលទាំងមុន និងក្រោយពេលធ្វើសមយុទ្ធ។

គណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រាប់អ្នកសារព័ត៌មានថា «យោធារបស់យើងបានរកឃើញ នៅម៉ោងប្រហែល ៦:០០ ព្រឹក នូវការបាញ់មីស៊ីលផ្លោងមួយគ្រាប់ដោយកូរ៉េខាងជើង ចេញពីតំបន់ Wonsan ឆ្ពោះទៅកាន់សមុទ្រខាងកើត ជាដែនទឹកដែលគេស្គាល់ផងដែរថាជាសមុទ្រជប៉ុន ឬ Sea of Japan។

ក្រសួងការពារជាតិជប៉ុនក៏បានបញ្ជាក់ដែរថា វត្ថុនោះត្រូវបានសង្ស័យថា ជាមីស៊ីលផ្លោង ហើយជឿថា «បានធ្លាក់រួចហើយ» ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

លោក Lim Eul-chul អ្នកជំនាញផ្នែកកូរ៉េខាងជើង នៅសាកលវិទ្យាល័យ Kyungnam បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «កូរ៉េខាងជើងមិនដែលបណ្តោយឱ្យសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក កន្លងផុតទៅ ដោយគ្មានការឆ្លើយតបនោះទេ ដូច្នេះ នេះគឺជាសារមួយដែលបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងតាមដានយ៉ាងដិត ដល់នូវសមយុទ្ធ ដែលនឹងមកដល់នេះ ហើយអាចនឹងបង្កហេតុ ប្រសិនបើពួកគេយល់ថា វាចាំបាច់។»

កូរ៉េខាងជើងក៏បានរិះគន់យ៉ាងខ្លាំង ទៅលើប្រទេសជប៉ុន ដែលធ្លាប់ជាមហាអំណាចអាណានិគមក្នុងតំបន់ ចំពោះអ្វីដែលទីក្រុងព្យុងយ៉ាងហៅថា ជាការងាកទៅរកយោធានិយមឡើងវិញរបស់ជប៉ុន។

ជប៉ុនបានប្រកាន់ខ្ជាប់នូវគោលជំហរនិយមសន្តិភាព អស់រយៈពេលជាយូរមកហើយ ប៉ុន្តែថ្មីៗនេះបានបង្កើនការចំណាយលើវិស័យយោធា, ពង្រឹងកិច្ចព្រមព្រៀងការពារជាតិ និងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីល ទៅកាន់កោះដាច់ស្រយាលរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា