ក្រោយមហាជនរិះគន់ខ្លាំង អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឱ្យចុះស៊ើបអង្កេតករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយមហាជនរិះគន់ខ្លាំង អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឱ្យចុះស៊ើបអង្កេតករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល

ក្រោយមហាជនរិះគន់ខ្លាំង អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឱ្យចុះស៊ើបអង្កេតករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល


បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសំណាក់មហាជនរឿងបង្គោលភ្លើងសូឡា១ដើម មានតម្លៃរហូតដល់ ៨លានរៀល អភិបាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់ ដោយបញ្ជាក់ថា តម្លៃនេះពិតជាមិនសមហេតុផលឡើយ។
 
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេត និងសាកសួរមន្ត្រីមូលដ្ឋានជាបន្ទាន់ ពាក់ព័ន្ធនឹងករណីសាងសង់បង្គោលភ្លើងសូឡា ១ដើម មានតម្លៃរហូតដល់ ៨លានរៀល​ នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ។
 
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងនៅថ្ងៃទី ១១ សីហា ថា អាជ្ញាធរបានចាត់តាំងក្រុមការងារជំនាញឱ្យចុះទៅពិនិត្យសួរនាំផ្ទាល់ ដោយរង់ចាំទទួលលទ្ធផលនៅថ្ងៃទី១២ ខែសីហានេះ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា តាមការយល់ឃើញ តម្លៃបង្គោលភ្លើងសូឡាមួយដើមរហូតដល់ ៨លានរៀល គឺពិតជាមិនសមហេតុផលនោះទេ ប៉ុន្តែអាជ្ញាធរត្រូវរង់ចាំលទ្ធផលនៃការចុះសាកសួរជាក់ស្តែងជាមុនសិន ទើបសម្រេចចាត់វិធានការដោះស្រាយតាមក្រោយ។
 
ឯកឧត្តមអភិបាលខេត្ត បានពន្យល់បន្ថែមថា ការដាក់បង្គោលភ្លើងតាមមូលដ្ឋាន គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលស្ថិតក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់អាជ្ញាធរឃុំ-សង្កាត់ ទាំងការងារដេញថ្លៃ និងការតាមដានការអនុវត្តជាមួយម្ចាស់ការ។ ហេតុនេះ អាជ្ញាធរខេត្តត្រូវការពេលវេលាបន្តិចដើម្បីចុះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ហើយក្រុមការងារនឹងបើកកិច្ចប្រជុំពិភាក្សាភ្លាមៗ នៅពេលទទួលបានរបាយការណ៍លទ្ធផលនៃភាពមិនប្រក្រតីនេះ។
 
តារាងដេញថ្លៃរបស់គម្រោងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការសាងសង់អំពូលសូឡាកម្ពស់ ៦ម៉ែត្រកន្លះ ពិតជាមានតម្លៃខ្ពស់រហូតដល់ ៨លានរៀល ដោយក្នុងគម្រោងត្រូវសាងសង់បីបង្គោលសរុបថវិកា ២៤លានរៀល។ មហាជនបានសម្តែងការហួសចិត្ត និងដាក់ការសង្ស័យពីការប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងគម្រោងអភិវឌ្ឍន៍នេះ។
 
បន្ទាប់ពីមានរឿងនេះកើតឡើង អ្នកលក់សូឡាជាច្រើនបានប្រកាសលក់​ឈុតបង្គោល និងអំពូលសូឡាស្រដៀងគ្នាទៅនឹងបង្គោលភ្លើងសូឡាក្នុងឃុំទឹកហូតនេះដែរ តែមានតម្លៃទាបខ្លាំង គឺមួយដើម រួមទាំងអំពូលផង មានតម្លៃតែក្នុងរង្វង់ ៦០ម៉ឺនរៀលប៉ុណ្ណោះ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា