គម្រោង «គជ់» ជួយលើកកម្ពស់ទីផ្សារ បង្កើតមុខរបរ និងពង្រឹងសមត្ថភាពឌីជីថលដល់កសិករក្នុងខេត្តគោលដៅចំនួន៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង «គជ់» ជួយលើកកម្ពស់ទីផ្សារ បង្កើតមុខរបរ និងពង្រឹងសមត្ថភាពឌីជីថលដល់កសិករក្នុងខេត្តគោលដៅចំនួន៤

គម្រោង «គជ់» ជួយលើកកម្ពស់ទីផ្សារ បង្កើតមុខរបរ និងពង្រឹងសមត្ថភាពឌីជីថលដល់កសិករក្នុងខេត្តគោលដៅចំនួន៤

គម្រោង «គជ់» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជួយជ្រោមជ្រែងដល់កសិករដែលមានផលិតកម្មខ្នាតតូច លើដំណាំ និងផលិតផលសំខាន់ៗ រួមមាន៖ ស្វាយចន្ទីក្នុងខេត្តកំពង់ធំ, ស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ, ស្វាយកែវរមៀតក្នុងខេត្តឧត្តរមានជ័យ និងបន្លែក្នុងខេត្តសៀមរាប។​

ថ្លែងក្នុងពិធី «បង្ហាញផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃ និងការប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនជូនកសិករ» នាទីរួមខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោងនេះបានជួយឱ្យកសិករទទួលបានឱកាសទីផ្សារកាន់តែល្អប្រសើរ និងជួយកាត់បន្ថយភាពងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ផលិតកម្ម និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅតាមជនបទ។

ឯកឧត្តមបានបញ្ជាក់ថា ការប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនសរុបចំនួន ១២៤គ្រឿង ជូនដល់សហគមន៍ក្នុងខេត្តគោលដៅទាំង៤ខាងលើ គឺជាការផ្តល់ជូននូវឧបករណ៍បច្ចេកវិទ្យាសម័យថ្មី ដើម្បីពង្រឹងការងារប្រចាំថ្ងៃរបស់សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី វេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិ-ឧស្សាហកម្មចម្រុះ ក្នុងនោះមាន៖ ដំណាំចន្ទី ១៥ម៉ឺនហិកតា ដោយប្រមូលផលបាន ៨ម៉ឺនហិកតា ជាមួយទិន្នផលមធ្យមប្រចាំឆ្នាំ ១,៥តោនក្នុ១ហិកតា, ដំឡូងមីប្រមាណ ៥ម៉ឺន ៣ពាន់ហិកតា, ស្វាយកែវរមៀតប្រមាណ ៩ពាន់ហិកតា, ម្រេច ១៤១ហិកតា និងតាង៉ែន ៧៥ហិកតា។ ការជួយជ្រោមជ្រែងពីក្រសួងកសិកម្ម និងអង្គការដៃគូ បានរួមចំណែកបន្ថែមដល់ការដាំដុះ និងការស្វែងរកទីផ្សាររឹងមាំជូនកសិករ។​

ជាមួយគ្នានេះ លោកស្រី រីបេកា ប៊ែល (Rebekah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានលើកឡើងថា ឧបករណ៍បច្ចេកវិទ្យាទាំងនេះនឹងជួយបំពេញគម្លាតផ្នែកឌីជីថល ដោយអនុញ្ញាតឱ្យកសិករធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់ និងអាចកសាងជីវភាពរស់នៅឱ្យកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា គម្រោង «គជ់» បានចាប់ផ្តើមអនុវត្តរួមគ្នានៅខែមេសា ឆ្នាំ២០២៣ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងអង្គការ FAO។ ក្រោមការឧបត្ថម្ភថវិកាពីមូលនិធិអាកាសធាតុបៃតង គម្រោងនេះមានគោលបំណងចម្បងជួយកសិករខ្នាតតូច ជាពិសេសស្ត្រី និងសហគមន៍មូលដ្ឋាន ឱ្យមានសមត្ថភាពជម្នះបាននូវហានិភ័យ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ៕

អត្ថបទដោយ៖ ម៉ាដេប៉ូ
រូបភាព៖ លោក វេង លឹមហួត

Advertisement
ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា