ក្រុមហ៊ុន២ចុះកិច្ចសន្យាទិញស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករខេត្តព្រះវិហារ ក្នុងតម្លៃសរុប ១៤លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន២ចុះកិច្ចសន្យាទិញស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករខេត្តព្រះវិហារ ក្នុងតម្លៃសរុប ១៤លានដុល្លារ

ក្រុមហ៊ុន២ចុះកិច្ចសន្យាទិញស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករខេត្តព្រះវិហារ ក្នុងតម្លៃសរុប ១៤លានដុល្លារ

ស្រូវ និងដំឡូងមីសរីរាង្គ កាន់តែមានសក្ដានុពល ខណៈក្រុមហ៊ុនធំៗក្នុងស្រុកចំនួន២ ថ្មីៗនេះ បានចុះកិច្ចសន្យាប្រមូលទិញផលិតផលកសិកម្មទាំងពីប្រភេទនេះពីកសិករក្នុងខេត្តព្រះវិហារ ក្នុងតម្លៃសរុប ១៤លានដុល្លារ សម្រាប់នាំចេញ។
 
កិច្ចសន្យាកសិកម្មនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការធានាទីផ្សារ និងស្ថិរភាពតម្លៃ ដោយបង្កើនទំនុកចិត្តជូនប្រជាកសិករក្នុងសហគមន៍ តាមរយៈការកំណត់តម្លៃទិញ លក់សមរម្យ ច្បាស់លាស់ និងមានស្ថិរភាព។
 
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ថា តាមរយៈកិច្ចសន្យានេះ មានសហគមន៍ចំនួន ២៨ បានចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គប្រមាណ ៤ម៉ឺនតោន ជាមួយក្រុមហ៊ុន អេមរុរ៉ាយកម្ពុជា ក្នុងទំហំទឹកប្រាក់ ១២លានដុល្លារ។ ដោយឡែក សមហគមន៍ចំនួន ៩ បានចុះកិច្ចសន្យាទិញ-លក់ដំឡូងមីជាមួយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្នុងទំហំទឹកប្រាក់ជិត ២លានដុល្លារ។
 
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហាររូបនេះ បានណែនាំកសិករឲ្យគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដារសរីរាង្គ ដើម្បីរក្សានូវកិត្យានុភាព និងកេរ្តិ៍ឈ្មោះអង្ករខេត្តព្រះវិហារ ដែលត្រូវបានវេចខ្ចប់វាយម៉ាកសញ្ញា «ព្រះវិហារ» នាំចេញផ្ទាល់ទៅកាន់ទីផ្សារធំៗ នៅអឺរ៉ុប និងអាមេរិក។
 
សូមបញ្ជាក់ថា កសិកម្មតាមកិច្ចសន្យា មិនមែនគ្រាន់តែជាការធានាទីផ្សារសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត ភាពជាដៃគូ និងការរីកចម្រើនរួមគ្នារវាងកសិករ សហគមន៍ វិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់គុណភាពផលិតផល បង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រឹងការតាមដានប្រភពដើម និងបង្កើនការប្រកួតប្រជែងរបស់កសិផលកម្ពុជានៅលើទីផ្សារអន្តរជាតិ៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា