អ៊ីរ៉ង់ ប្រកាសផលិតមីស៊ីលបាញ់ផ្លោងត្រង់ចូលដល់ដី អាមេរិក, អ្នកវិភាគថា កូរ៉េខាងជើង ជាអ្នកជួយផ្តល់បច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសផលិតមីស៊ីលបាញ់ផ្លោងត្រង់ចូលដល់ដី អាមេរិក, អ្នកវិភាគថា កូរ៉េខាងជើង ជាអ្នកជួយផ្តល់បច្ចេកវិទ្យា

អ៊ីរ៉ង់ ប្រកាសផលិតមីស៊ីលបាញ់ផ្លោងត្រង់ចូលដល់ដី អាមេរិក, អ្នកវិភាគថា កូរ៉េខាងជើង ជាអ្នកជួយផ្តល់បច្ចេកវិទ្យា

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្រកាសពីផែនការផលិតមីស៊ីលផ្លោងមានរយៈចម្ងាយរហូតដល់ ១ ម៉ឺន ៥ ពាន់គីឡូម៉ែត្រ ដែលអាចហោះផ្លោងចូលទៅដល់ទឹកដីសហរដ្ឋអាមេរិក ។ នេះបើតាមការអះអាងរបស់លោក Abdolnabi Mousavifard តំណាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់កាលពីថ្ងៃអង្គារ ។

Advertisement

លោក Abdolnabi Mousavifard រៀបរាប់ថា ដើម្បីវាយប្រហារទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវយ៉ក, អ៊ីរ៉ង់តម្រូវឱ្យមានមីស៊ីលដែលមានរយៈចម្ងាយហោះហើរ យ៉ាងហោចណាស់ប្រហែល ១ ម៉ឺនគីឡូម៉ែត្រ ។

បើតាមទីភ្នាក់ងារព័ត៌មាន UNN, បច្ចុប្បន្ន មីស៊ីលផ្លោងដែលមានរយៈចម្ងាយឆ្ងាយបំផុតរបស់អ៊ីរ៉ង់ ជាមីស៊ីលប្រភេទ Khorramshahr ដែលត្រូវបានគេអះអាងថា មានរយៈចម្ងាយហោះហើរ ៤ ពាន់គីឡូម៉ែត្រ ។

ប្រភពដដែលបញ្ជាក់ថា ក្នុងករណីដែលអ៊ីរ៉ង់ផលិតបានប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីបដែលមានរយៈចម្ងាយ ដល់ ១ ម៉ឺន ៥ ពាន់គីឡូម៉ែត្រមែននោះ វានឹងក្លាយជាជំហានបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់ទីក្រុងតេហេរ៉ង់ ។

ការណ៍នេះ ត្រូវបានអ្នកវិភាគយោធានៅ Defense Express ជឿជាក់ថា អ៊ីរ៉ង់អាចនឹងទទួលបានបច្ចេកវិទ្យាសំខាន់ៗពីកូរ៉េខាងជើង ពីព្រោះ មីស៊ីលអ៊ីរ៉ង់ Khorramshahr ដែលមានស្រាប់ ត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃមីស៊ីល Hwasong-10 របស់កូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាង មានមីស៊ីលផ្លោងអន្តរទ្វីប ICBM ជាច្រើនរួចទៅហើយ ដែលត្រូវបានគេអះអាងថា មានរយៈចម្ងាយហោះហើរប្រហែល ១៥,០០០ គីឡូម៉ែត្រ ឬ លើសពីនេះ ។

បើតាម The Times of India, អ៊ីរ៉ង់គឺជាប្រទេសដែលមានឃ្លាំងអាវុធមីស៊ីលធំជាងគេ និងសម្បូរបែបបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយមានមីស៊ីលផ្លោង និងមីស៊ីលប្រភេទនាំផ្លូវរាប់ពាន់គ្រាប់។ ទីក្រុងតេហេរ៉ង់ក៏បានកសាង «ទីក្រុងមីស៊ីល» នៅក្រោមដីយ៉ាងទូលំទូលាយ និងបានវិនិយោគយ៉ាងច្រើនលើយន្តហោះដ្រូន, ប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង និងសង្គ្រាមអេឡិចត្រូនិកផងដែរ ៕

ប្រភព ៖ UNN, The Times of India, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា