ផ្ទៃដីស្រោចស្រពប្រមាណ ៤ម៉ឺនហិកតានៅតាមបណ្តោយគម្រោងព្រែកជីកហ្វូណន នឹងទទួលរងផលប៉ះពាល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទៃដីស្រោចស្រពប្រមាណ ៤ម៉ឺនហិកតានៅតាមបណ្តោយគម្រោងព្រែកជីកហ្វូណន នឹងទទួលរងផលប៉ះពាល់

ផ្ទៃដីស្រោចស្រពប្រមាណ ៤ម៉ឺនហិកតានៅតាមបណ្តោយគម្រោងព្រែកជីកហ្វូណន នឹងទទួលរងផលប៉ះពាល់

ក្រសួងធនធានទឹកបានបើកកិច្ចប្រជុំពិភាក្សាលម្អិតអំពីការការពារ និងរៀបចំប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ។ យោងតាមក្រសួង ផ្ទៃដីស្រោចស្រពប្រមាណ ៤ម៉ឺនហិកតានៅតាមបណ្តោយគម្រោងព្រែកជីកនេះនឹងត្រូវទទួលរងផលប៉ះពាល់។

Advertisement

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងកំណត់លក្ខណៈបច្ចេកទេស ព្រមទាំងរកដំណោះស្រាយផលប៉ះពាល់លើការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងរំហូរទឹកជំនន់នៅតាមបណ្តោយគម្រោងធនធានទឹកចម្រុះហ្វូណនតេជោ។ នេះជាការប្រជុំត្រៀមសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងនាពេលខាងមុខ។

កិច្ចពិភាក្សាបានផ្ដោតសំខាន់លើចំណុចស្នូលមូយចំនួន ពិសេសការកំណត់ផលប៉ះពាល់បឋម ហើយលទ្ធផលនៃការសិក្សារបស់ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានបង្ហាញថា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៨ប្រព័ន្ធ ដែលគ្របដណ្ដប់លើផ្ទៃដីស្រោចស្រពសរុបប្រមាណ ៤ម៉ឺនហិកតា នៅតាមបណ្តោយគម្រោង នឹងត្រូវទទួលរងផលប៉ះពាល់។

ក្នុងកិច្ចប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការដាក់ចេញនូវលក្ខណៈវិនិច្ឆ័យ និងបទដ្ឋានបច្ចេកទេសច្បាស់លាស់ ដើម្បីសាងសង់ឡើងវិញ ឬកែលម្អប្រព័ន្ធដោះទឹក និងប្រព័ន្ធបញ្ជូនទឹក ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពកសិកម្មរបស់ប្រជាពលរដ្ឋ។ ចំណុចផ្សេងៗទៀតដែលត្រូវបានលើកមកពិភាក្សាមានដូចជា ការរៀបចំផែនការមេក្នុងការទប់ស្កាត់ និងរំដោះទឹកជំនន់ ក៏ដូចជាការរក្សាទុកប្រភពទឹកសម្រាប់បំពេញតម្រូវការប្រជាកសិករក្នុងការស្រោចស្រពដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃ។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មិនត្រឹមតែជាបណ្តាញគមនាគមន៍ផ្លូវទឹក និងសរសៃឈាមសេដ្ឋកិច្ចដ៏ធំសម្បើមតភ្ជាប់ពីទន្លេទៅកាន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគម្រោងអភិវឌ្ឍន៍បែបចម្រុះដែលតម្រូវឱ្យមានការគិតគូរយ៉ាងហ្មត់ចត់បំផុតលើវិស័យធនធានទឹក កសិកម្ម និងបរិស្ថាន ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងជូនជាតិ និងប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្ម សួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ ព្រមទាំងបង្កើតការងារថ្មីៗ និងជំរុញការវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ៕

អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា