មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ២រូបត្រូវដកតំណែង ក្រោយរកឃើញភាពមិនប្រក្រតីដេញថ្លៃសូឡា និងផ្លូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ២រូបត្រូវដកតំណែង ក្រោយរកឃើញភាពមិនប្រក្រតីដេញថ្លៃសូឡា និងផ្លូវ

មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ២រូបត្រូវដកតំណែង ក្រោយរកឃើញភាពមិនប្រក្រតីដេញថ្លៃសូឡា និងផ្លូវ

នាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំង ២រូប ត្រូវបានបញ្ចប់តំណែង និងផ្ទេរឱ្យទៅធ្វើជាមន្ត្រីធម្មតាវិញ ក្រោយផ្ទុះរឿងអាស្រូវមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងធ្វើផ្លូវ និងការទិញអំពូលសូឡា ក្នុងតម្លៃខ្ពស់ហួសហេតុខុសពីទីផ្សារ។
 
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបញ្ចប់តំណែងនាយកទីចាត់ការសាលាខេត្តចំនួនពីររូប បន្ទាប់ពីការរកឃើញភាពមិនប្រក្រតី ជុំវិញការរៀបចំ និងអនុវត្តគម្រោងធ្វើផ្លូវ ព្រមទាំងការទិញអំពូលសូឡាដែលមានតម្លៃខ្ពស់ហួសហេតុ។
 
មន្ត្រីដែលត្រូវបានដកតំណែង រួមមាន លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងលោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ដោយអ្នកទាំងពីរត្រូវបានផ្ទេរឱ្យទៅបម្រើការជាមន្ត្រីធម្មតានៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
 
វិធានការក្តៅនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន និងបណ្តាញសង្គម ជុំវិញករណីរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ បានរៀបចំគម្រោងទិញបង្គោល និងអំពូលសូឡាក្នុងតម្លៃរហូតដល់ ៨លានរៀល ក្នុងមួយដើម ដែលជាតម្លៃខ្ពស់ជាងទីផ្សារយ៉ាងខ្លាំង។
 
យោងតាមអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា មិនត្រឹមតែឃុំទឹកហូតមួយប៉ុណ្ណោះទេ គឺមានភាពមិនប្រក្រតីក្នុងការអនុវត្តគម្រោងមូលនិធិឃុំរហូតដល់ទៅ ៥ នៅក្នុងខេត្តកំពង់ឆ្នាំង។ ភ្លាមៗក្រោយរកឃើញភាពមិនប្រក្រតីនេះ ក្រសួងមហាផ្ទៃបានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង អនុវត្តវិធានការវិន័យ និងទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតលើមន្ត្រីពាក់ព័ន្ធទាំងឡាយណាដែលបានគប់គិតគ្នា ធ្វើផ្ទុយពីច្បាប់ និងនីតិវិធី។
 
ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា នឹងបន្តស្រាវជ្រាវរកប្រភពដើម និងអ្នកពាក់ព័ន្ធផ្សេងទៀតមកអនុវត្តតាមច្បាប់ ដោយមិនលើកលែងឡើយ ដើម្បីពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងការអភិវឌ្ឍនៅមូលដ្ឋាន.
 
កាលពីថ្ងៃពុធ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យពិនិត្យស្រាវជ្រាវលើភាពមិនប្រក្រតីនៃគម្រោងទិញបង្គោលភ្លើងសូឡានេះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា នៅពេលដែលអំណាច និងធនធានត្រូវបានផ្ទេរទៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រង និងការអនុវត្តគម្រោងនានាត្រូវតែធ្វើឡើងដោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ និងធានាថាថវិការដ្ឋបានផ្តល់ផលប្រយោជន៍ពិតប្រាកដដល់មូលដ្ឋាន។
 
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការត្រួតពិនិត្យ និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាឃុំ-សង្កាត់ ដើម្បីចៀសវាងការចំណាយថវិការដ្ឋដោយគ្មានតម្លាភាព ឬខុសពីតម្លៃទីផ្សារ។
 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ទេរកញ្ចប់ថវិកាទៅឱ្យឃុំ-សង្កាត់នីមួយៗសម្រាប់ប្រើប្រាស់លើគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ប៉ុន្តែកន្លងមកធ្លាប់មានភាពមិនប្រក្រតីមួយចំនួនកើតឡើងពាក់ព័ន្ធនឹងការដេញថ្លៃ និងការចាត់ចែងមូលនិធិទាំងនេះ៕ទួន សុផល

Advertisement


ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា