ចិនបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសម្ភារៈយោធាជាមួយកម្ពុជា មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសម្ភារៈយោធាជាមួយកម្ពុជា មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ

ចិនបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសម្ភារៈយោធាជាមួយកម្ពុជា មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រសួងការបរទេសចិនបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសម្ភារៈយោធារវាងចិន និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការធម្មតា គឺមិនមានគោលដៅប្រឆាំងនឹងភាគីទីបីទេ ហើយក៏មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃឡើយ។

Advertisement

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun (គ័រ ជាឃុន) បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើឧបករណ៍យោធារវាងចិន និងកម្ពុជា ព្រមទាំងជំហររបស់ចិនចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក Guo Jiakun បានថ្លែងថា ចិនបានបញ្ជាក់ជាច្រើនលើករួចមកហើយថា ចិនជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ហើយប្រទេសចិនមានកិច្ចសហប្រតិបត្តិការលើវិស័យសម្ភារៈយោធាជាធម្មតាជាមួយប្រទេសទាំងពីរ។

លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការចិន-កម្ពុជា មិនមានគោលដៅប្រឆាំងនឹងភាគីទីបីទេ និងមិនមានពាក់ព័ន្ធអ្វីជាមួយជម្លោះព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយដូចគ្នានេះដែរ កិច្ចសហប្រតិបត្តិការផ្នែកសម្ភារៈសឹករវាងចិន និងថៃ ក៏មិនមានគោលដៅសំដៅលើភាគីទី៣ណាមួយដែរ។

លោកបន្ថែមថា ចិនរក្សាការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ជាមួយកម្ពុជា និងថៃលើបញ្ហានេះ ហើយប្រទេសទាំងពីរក៏យល់ច្បាស់អំពីរឿងនេះផងដែរ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែន លោក Guo Jiakun បានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នា ហើយនឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច។ លោកយល់ថា ការដោះស្រាយជម្លោះព្រំដែនឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស នឹងបម្រើផលប្រយោជន៍រួមរយៈពេលវែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ក្នុងនាមជាមិត្តល្អរបស់កម្ពុជា និងថៃ ចិនតែងតែខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការចរចាស្វែងរកសន្តិភាពតាមវិធីរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឱ្យប្រទេសទាំងពីរចាប់ផ្តើមការធ្វើទំនាក់ទំនងទ្វេភាគីឡើងវិញ។

ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងធ្វើការរួមគ្នាក្នុងទិសដៅតែមួយ និងដោះស្រាយជម្លោះព្រំដែនរបស់ខ្លួនដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ប្រកបដោយមិត្តភាព។ ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទីប្រកបដោយការស្ថាបនា ដើម្បីសម្រេចបានតាមគោលដៅនេះ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា