រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាព

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាព

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យកំណត់ពីនីតិវិធី និងលក្ខខណ្ឌនៃការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
 
អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ សីហា បានកំណត់នូវលក្ខខណ្ឌ បែបបទ និងនីតិវិធីច្បាស់លាស់ ក្នុងគោលបំណងធានាឱ្យការអនុវត្តច្បាប់នេះ ប្រព្រឹត្តទៅដោយមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
 
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៧ ដល់ ២៥ ឆ្នាំ សម្រាប់ការធ្វើជំរឿន និងអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ។ ការធ្វើបញ្ជីជំរឿនត្រូវធ្វើឡើងរៀងរាល់ឆ្នាំ ចាប់ពីខែតុលា ដល់ដំណាច់ខែធ្នូ ហើយការជ្រើសរើសអាចធ្វើឡើងតាមរូបភាពចូលបំពេញកាតព្វកិច្ចដោយការស្ម័គ្រចិត្ត ឬតាមការចាប់ឆ្នោត ដោយមានលក្ខណៈសម្បត្តិដូចគ្នានឹងយោធិនអាជីពដែរ។ ប្រជាពលរដ្ឋដែលទទួលបានលិខិតអញ្ជើញ ត្រូវបង្ហាញខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ។
 
យោងតាមអនុក្រឹត្យដដែល ការអនុញ្ញាតឱ្យពន្យារពេល អាចផ្តល់ជូនចំពោះប្រជាពលរដ្ឋជាសិស្ស ឬនិស្សិតដែលកំពុងសិក្សា ពលករជំនាញ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ដោយអាចទទួលបានការពន្យារពេល ១ ឆ្នាំម្តង និងមិនឱ្យលើសពី ៤ ដងឡើយ។
 
សម្រាប់ផ្នែកគោលនយោបាយ និងការលើកទឹកចិត្ត យោធិនដែលកំពុងបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ម៉ឺនរៀល ព្រមទាំងគោលរបបផ្សេងៗទៀតដូចជា ប្រាក់ម្ហូប អាហារបំប៉នពេលហ្វឹកហាត់ របបអង្ករ និងឯកសណ្ឋានជាដើម។ ក្នុងករណីមានជំងឺ របួស ឬគ្រោះថ្នាក់ នឹងទទួលបានការថែទាំ និងការព្យាបាលពីក្រសួងការពារជាតិ ហើយចំពោះករណីពលី មរណៈ ឬពិការ នឹងទទួលបានគោលរបបតាមការកំណត់។
 
អនុក្រឹត្យបានចែងទៀតថា នៅពេលបញ្ចប់កាតព្វកិច្ចយោធា ប្រជាពលរដ្ឋត្រូវទទួលបានលិខិតបញ្ជាក់ ហើយត្រូវទទួលឱ្យចូលបម្រើការងារវិញក្នុងក្របខ័ណ្ឌដើមនៅតាមស្ថាប័នរដ្ឋ សហគ្រាស ឬអង្គការសង្គមស៊ីវិល ដោយរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ច។
 
ចំពោះសិស្ស និស្សិត ត្រូវទទួលបានការអនុញ្ញាតឱ្យបន្តការសិក្សាវិញដោយរក្សាលទ្ធផលសិក្សាកន្លងមក។ លើសពីនេះ ពួកគេមានអាទិភាពក្នុងការទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានសាធារណៈ ព្រមទាំងមានអាទិភាពក្នុងការជ្រើសរើសចូលបម្រើការងារជាយោធិនអាជីពក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
 
ដើម្បីដឹកនាំ និងគ្រប់គ្រងការងារនេះ អនុក្រឹត្យបានបង្កើតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន ព្រមទាំងបង្កើតគណៈកម្មាធិការកាតព្វកិច្ចយោធាថ្នាក់ក្រោមជាតិនៅតាមបណ្តាកងទ័ពជើងគោក យោធភូមិភាគ និងរាជធានី-ខេត្ត ដើម្បីទទួលបន្ទុកអនុវត្តការងារតាមដែនសមត្ថកិច្ចរៀងៗខ្លួនផងដែរ៕ ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា