រឿងផ្តល់សពា្វវុធឲ្យកម្ពុជា ចិនបញ្ជាក់ថាមិនមានគោលដៅប្រឆាំងថៃឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿងផ្តល់សពា្វវុធឲ្យកម្ពុជា ចិនបញ្ជាក់ថាមិនមានគោលដៅប្រឆាំងថៃឡើយ

រឿងផ្តល់សពា្វវុធឲ្យកម្ពុជា ចិនបញ្ជាក់ថាមិនមានគោលដៅប្រឆាំងថៃឡើយ

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើផ្នែកសព្វាវុធ គឺជាទំនាក់ទំនងធម្មតារវាងរដ្ឋនិងរដ្ឋ ដោយមិនមានគោលដៅប្រឆាំងនឹងភាគីទីបី ឬពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃឡើយ។

លោក Guo Jiakun បានថ្លែងថា ចិនជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ហើយចិនរក្សាការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ជាមួយកម្ពុជា និងថៃលើបញ្ហានេះ ហើយប្រទេសទាំងពីរក៏យល់ច្បាស់អំពីរឿងនេះផងដែរ។

ការបកស្រាយនេះធ្វើឡើងដើម្បីរម្ងាប់អារម្មណ៍ថ្នាក់ដឹកនាំថៃ ដែលបានតាមសួរភាគីចិនជាបន្តបន្ទាប់ពីរឿងឧបករណ៍យោធា​ដែលចិនផ្តល់ឲ្យកម្ពុជា ជាពិសេសក្រោយការមកដល់របស់រថក្រោះចិន ពីកាលពីខែមីនាកន្លងទៅ ខណៈដែលប្រទេសថៃខ្លួនឯង គឺជាអតិថិជនទិញអាវុធដ៏ធំមួយរបស់ចិន។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា រាល់សព្វាវុធរបស់ប្រទេសកម្ពុជា  គឺ​សម្រាប់បម្រើការការពារអធិបតេយ្យជាតិប៉ុណ្ណោះ ពោលមិនមែនសម្រាប់វាយប្រហាប្រទេសណាមួយឡើយ។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ជំហរការទូតរបស់ប្រទេសចិនលើកិច្ចសហប្រតិបត្តិកាយោធារបស់ខ្លូនជាមួយកម្ពុជា និងថៃ គឺបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនមិនឈរខាងប្រទេសណាមួយឡើយ​ ហើយក៏មិនវែកញែករកខាងណាខុស ខាងណាត្រូវឡើយ​។ 

Advertisement

ពាក់ព័ន្ធនឹងជម្លោះព្រំដែន លោក Guo Jiakun បានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នា ហើយនឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ក្នុងនាមជាមិត្តល្អរបស់កម្ពុជា និងថៃ ចិនតែងតែខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការចរចាស្វែងរកសន្តិភាពតាមវិធីរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឱ្យប្រទេសទាំងពីរចាប់ផ្តើមការធ្វើទំនាក់ទំនងទ្វេភាគីឡើងវិញ។

ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងធ្វើការរួមគ្នាក្នុងទិសដៅតែមួយ និងដោះស្រាយជម្លោះព្រំដែនរបស់ខ្លួនដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ប្រកបដោយមិត្តភាព។ ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទីប្រកបដោយការស្ថាបនា ដើម្បីសម្រេចបានតាមគោលដៅនេះ។​

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ​យល់ឃើញថា ប្រទេសចិនបានប្រកាន់ឥរិយាបថអព្យាក្រឹត្យបែបយុទ្ធសាស្ត្រចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសារតែចិនមិនចង់ឱ្យជម្លោះនេះរីករាលដាល ព្រោះវាប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់, គម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (BRI), និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ (RCEP) ដែលចិនជាខ្នងបង្អែក៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា