ជប៉ុន ប្រឆាំងយ៉ាងដាច់អហង្ការ ក្រោយលោក Putin ទៅដល់កោះមានជម្លោះអធិបតេយ្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ប្រឆាំងយ៉ាងដាច់អហង្ការ ក្រោយលោក Putin ទៅដល់កោះមានជម្លោះអធិបតេយ្យ

ជប៉ុន ប្រឆាំងយ៉ាងដាច់អហង្ការ ក្រោយលោក Putin ទៅដល់កោះមានជម្លោះអធិបតេយ្យ

តូក្យូ ៖ ប្រទេសជប៉ុនបានប្រកាសជំទាស់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចជាលើកដំបូង របស់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ទៅកាន់កោះ Iturup ដែលកំពុងមានជម្លោះដណ្តើមអធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍នេះ ។

Advertisement

បើតាម BBC, កោះ Iturup ដែលជប៉ុនហៅឈ្មោះផ្សេងថា Etorofu ស្ថិតក្នុងចំណោមកោះទាំង ៤ នៃ ប្រជុំកោះ Kuril ដែលត្រូវបានទាមទារសិទ្ធិគ្រប់គ្រង ដោយទាំងរុស្ស៊ី និង ជប៉ុន ។

លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន ថ្លែងថា «ផ្អែកទាំងតាមទស្សនៈប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ កោះទាំងនេះគឺជាទឹកដីរបស់ជប៉ុន តាំងពីដើមមក ហើយរដ្ឋាភិបាលជប៉ុនជំទាស់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនេះ» ។

ប្រទេសទាំងពីរបានជាប់នៅក្នុងជម្លោះលើប្រជុំកោះ Kuril អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនេះក៏ជាហេតុផលចម្បង ដែលទីក្រុងមូស្គូ និងទីក្រុងតូក្យូមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។

បើតាម BBC ដដែល, កោះទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ដោយសហភាពសូវៀតបានបញ្ចូលប្រជុំកោះនេះ ទៅជាទឹកដីរបស់ខ្លួន និងបានបណ្តេញប្រជាជនជប៉ុនប្រហែល ១ ម៉ឺន ៧ ពាន់នាក់ចេញពីទីនោះផងដែរ ។

ជាមួយគ្នានេះ ប្រជុំកោះ Kuril ក៏ជាតំបន់យុទ្ធសាស្ត្រសម្រាប់រុស្ស៊ីផងដែរ តាមរយៈការពង្រឹងវត្តមានយោធារបស់ខ្លួននៅលើកោះទាំងនេះក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ រួមទាំងការធ្វើសមយុទ្ធយោធាជាប្រចាំផងដែរ ជាហេតុបង្កឱ្យមានការថ្កោលទោសពីសំណាក់ប្រទេសជប៉ុន ជាប់លាប់ ។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះទឹកដីនេះមិនសូវមានវឌ្ឍនភាពប៉ុន្មានទេ ខណៈទំនាក់ទំនងទ្វេភាគីក៏នៅតែមានភាពតានតឹងផងដែរ ដោយសារតែជប៉ុនបានដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះសង្គ្រាមលុកលុយទៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា