កម្ពុជា នាំគ្រាប់ស្វាយចន្ទីទៅចក្រភពអង់គ្លេសជាលើកដំបូងតាមរយៈក្រុមហ៊ុន Whitworths | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នាំគ្រាប់ស្វាយចន្ទីទៅចក្រភពអង់គ្លេសជាលើកដំបូងតាមរយៈក្រុមហ៊ុន Whitworths

កម្ពុជា នាំគ្រាប់ស្វាយចន្ទីទៅចក្រភពអង់គ្លេសជាលើកដំបូងតាមរយៈក្រុមហ៊ុន Whitworths

ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម កសិផលគ្រាប់ស្វាយចន្ទីខ្មែរសាងប្រវត្តិសាស្រ្តថ្មីមួយទៀតហើយ ដោយឈានជើងចូលទីផ្សាររបស់រាជាណាចក្ររួមនៃព្រីតថេន ដែលពីមុនមានឈ្មោះថា ចក្រភពអង់គ្លេស តាមរយៈកិច្ចសហការរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអង់គ្លេសដ៏ធំមួយ។

Advertisement

ក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (Handcrafted Cashew Nut Stung Treng) ឬ HCST ដែលជាសិប្បកម្ម​កែច្នៃគ្រាប់​ស្វាយចន្ទី​លេច​ធ្លោមួយនៅខេត្តស្ទឹងត្រែង កំពុងមមាញឹករៀបចំការនាំចេញគ្រាប់ស្វាយចន្ទី​កែច្នៃគុណភាព​ខ្ពស់របស់ខ្លួនទៅកាន់រាជាណាចក្ររួមនៃព្រីតថេន។

ការនាំចេញនេះនឹងធ្វើឡើងតាមរយៈក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនមានវ័យចំណាស់ និងឈានមុខគេប្រចាំចក្រភពអង់គ្លេស ផ្នែកកែច្នៃ និងផ្គត់ផ្គង់ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិ។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Whitworths បានជួយលើកកម្ពស់ស្តង់ដារផលិតកម្ម និងបច្ចេកទេសកែច្នៃរបស់ HCST ឱ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងលក្ខខណ្ឌតម្រូវ និងស្តង់ដារគុណភាពអន្តរជាតិ។

កញ្ញា សឿន សុទ្ធនីតា ប្រធានគ្រប់គ្រងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃសិប្បកម្មគ្រាប់ស្វាយចន្ទីស្ទឹងត្រែង HCST បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលសិប្បកម្មអាចមានលទ្ធភាពលក់ទៅក្រុមហ៊ុន Whitworths ចំនួនជាង៤០តោនក្នុងឆមាសទី២ ឆ្នាំ២០២៦ តាមការបញ្ជាទិញ បន្ទាប់ពីតំឡើងម៉ាស៊ីនថ្មីរួចហើយ។ តម្រូវការគ្រាប់ស្វាយចន្ទីខ្មែររបស់ក្រុមហ៊ុន Whitworths គឺប្រមាណ២០០តោនក្នុង១ឆ្នាំ។

កញ្ញា បានបន្ថែមថា កន្លងមកសិប្បកម្ម HCST ធ្លាប់បាននាំផ្ទាល់ទៅប្រទេស ជប៉ុន អ៊ីស្រាអ៊ែល អាល្លឺម៉ង់ និងនាំចេញមិនផ្ទាល់ទៅប្រទេសចិន ឌូបៃ ស្វីស ចំណែក ឯចក្រភពអង់គ្លេសធ្លាប់បាននាំទៅ៣ដងរួចមកហើយ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Whitworths ដ៏ធំនេះ គឺជាលើកដំបូង​ហើយក្រោមការ​សម្របសម្រួល​ពីក្រសួងពាណិជ្ជកម្ម។ កញ្ញា សឿន សុទ្ធនីតា សង្កត់ធ្ងន់ថា សិប្បកម្មគ្រាប់ស្វាយចន្ទីស្ទឹងត្រែងនឹងខំពង្រឹងពង្រីកសមត្ថភាពផ្គត់ផ្គង់បន្ថែម។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំ​គណៈប្រតិភូ​ចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃដោយផ្ទាល់នៅសហគ្រាស HCST ក្នុងខេត្តស្ទឹងត្រែង។

ដំណើរការឈានទៅរកការនាំចេញនេះទទួលបានការគាំទ្របច្ចេកទេសយ៉ាងពេញទំហឹងពីរដ្ឋាភិបាលអង់គ្លេស ព្រមទាំងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ក្នុងគោលបំណង​លើកកម្ពស់សមត្ថភាពសហគ្រាសក្នុងស្រុកឱ្យអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។

ឯកឧត្តម សំហេង បូរ៉ា បញ្ជាក់ថា សមិទ្ធផលដ៏សំខាន់នេះបង្ហាញពីសក្តានុពលនៃវិស័យគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការជំរុញ​ការនាំចេញ​ផលិតផល​កែច្នៃ​ដែលមានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដែលមានស្តង់ដារខ្ពស់។

សូមបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិជាង ១លានតោន ដោយទទួលបានចំណូលជាង ១ ៧០០ លានដុល្លារ កើនឡើងជិត ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕

អត្ថបទ៖ ​វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា