អ្នកស្ម័គ្រចិត្តប្រមាណ ៨០០នាក់ នឹងជិះកង់ពីភ្នំពេញទៅប្រាសាទភ្នំដា ដើម្បីទេសចរណ៍ បរិស្ថាន និងការអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកស្ម័គ្រចិត្តប្រមាណ ៨០០នាក់ នឹងជិះកង់ពីភ្នំពេញទៅប្រាសាទភ្នំដា ដើម្បីទេសចរណ៍ បរិស្ថាន និងការអប់រំ

អ្នកស្ម័គ្រចិត្តប្រមាណ ៨០០នាក់ នឹងជិះកង់ពីភ្នំពេញទៅប្រាសាទភ្នំដា ដើម្បីទេសចរណ៍ បរិស្ថាន និងការអប់រំ

អ្នកជិះកង់ស្ម័គ្រចិត្តប្រមាណជាង ៨០០នាក់ គ្រោងនឹងជិះកង់ពីរាជធានីភ្នំពេញទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ ដើម្បីចូលរួមបំផុស និងផ្សព្វផ្សាយវិស័យទេសចរណ៍ បរិស្ថាន និងសប្បុរសធម៌។ ការជិះកង់នេះ នឹងធ្វើឡើងលើចម្ងាយផ្លូវ ១៧៩គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦នេះ។
 
ក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា ក្រោមការរៀបចំរបស់សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា និងទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ នឹងដឹកនាំអ្នកជិះកង់ស្ម័គ្រចិត្តប្រមាណជាង ៨០០នាក់ ជិះកង់ពីរាជធានីភ្នំពេញ ទៅកាន់ប្រាសាទភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ លើចម្ងាយផ្លូវ ១៧៩គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
 
កម្មវិធី «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា»នេះបង្កើតឡើងក្នុងគោលបំណងបំផុស និងផ្សព្វផ្សាយចលនាកីឡាទេសចរណ៍ តំបន់ទេសចរណ៍ និងការយកចិត្តទុកដាក់លើបរិស្ថាន ព្រមទាំងផ្សារភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ ដើម្បីចូលរួមជួយដល់សង្គមជាតិ។
 
លោក ឈួន សុភ័ក្រសាដា ប្រធានក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងរដូវកាលបៃតងនេះមានវិញ្ញាសាចំនួន ៣ គឺ កម្រិតអាជីព ជិះចម្ងាយ ១៧៩គីឡូម៉ែត្រ, កម្រិតមធ្យម ចម្ងាយ ៥០គីឡូម៉ែត្រ និងការជិះកម្សាន្ត ចម្ងាយ ៨គីឡូម៉ែត្រ។ តាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងទទួលបានអ្នកជិះកង់ប្រមាណជាង ៨០០នាក់។
 
ក្នុងកម្មវិធីជិះកង់ពីភ្នំពេញទៅប្រាសាទភ្នំដាលើកដំបូងនេះ នឹងមានកម្មវិធីអមសំខាន់ៗមួយចំនួន ដូចជាការនាំយកសម្ភារៈសិក្សាផ្តល់ជូនសិស្សានុសិស្សខ្វះខាតប្រមាណ ៤៣៧នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ និងលោកគ្រូ អ្នកគ្រូចំនួន ៣១នាក់។
 
បន្ទាប់មក ក៏នឹងមានការដាំកូនឈើក្ងោកចំនួន ៦០០ដើម នៅតាមផ្លូវឡើងទៅកាន់ប្រាសាទភ្នំដា ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពផ្លូវឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។
 
គណៈកម្មការរៀបចំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវដែលក្បួនកង់នឹងឆ្លងកាត់ ចូលរួមអបអរសាទរ និងគាំទ្រកម្មវិធីដ៏មានសារៈសំខាន់នេះផងដែរ។
 
សូមបញ្ជាក់​ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ មិនតម្រូវឱ្យបង់ថវិកាឡើយ ហើយអ្នកចូលរួមនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត ព្រមទាំងអាហារសាមគ្គីពេលថ្ងៃត្រង់ដោយឥតគិតថ្លៃទៀតផង។ ប៉ុន្តែ ដោយសារព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ មានការផ្សារភ្ជាប់ជាមួយសកម្មភាពសប្បុរសធម៌ កីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ អាចចូលរួមបរិច្ចាគជាសម្ភារៈ កូនឈើ និងថវិកា ដើម្បីជួយដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតជាក់ស្តែងផងដែរ៕
 
ផលិតដោយ៖ ជាវ ចន្ធូ

Advertisement
ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា