អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក៖ អាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា-ថៃ និងបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក៖ អាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា-ថៃ និងបទឈប់បាញ់

អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក៖ អាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា-ថៃ និងបទឈប់បាញ់

ឯកឧត្តម អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា ថៃ និងបទឈប់បាញ់។ ការបញ្ជាក់នេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

Advertisement

នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យការពារជាតិមានការកើនឡើងនូវទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយវត្តមានរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក និងគណៈប្រតិភូ នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ ការបង្កើននិងពង្រឹងនូវទំនាក់ទំនងរបស់កងទ័ពនៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលកន្លងមកតែងតែយកចិត្តទុកដាក់ដល់ការងារមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ក្នុងការសម្របសម្រួលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរអរគុណចំពោះឯកឧត្តម ប្រធានាធិបតី ដូណូល ត្រាំ ដែលបានជួយសម្របសម្រួលស្វែងរកសន្តិភាពជូនកម្ពុជាកន្លងមកនៅកូឡាឡាំពួរ ។ ក្នុងនោះ អនុព័ន្ធយោធាសហរដ្ឋអាមេរិក ក៏តែងបានចូលរួមជាមួយអ្នកសង្កេតការណ៍អាស៊ាន និងក៏បានចុះសង្កេតការណ៍នៅទីតាំងដោយផ្ទាល់ផងដែរ។ ឯកឧត្តម ទៀ សីហា បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់យើងកំពុងសហការគ្នានិងសម្របសម្រួលនៃការទំនាក់ទំនងនៃក្រសួងការពារជាតិទាំងពីរ ក្នុងនោះយើងទទួលបានលទ្ធផលជាផ្លែងផ្កា ជាពិសេសការហ្វឹកហ្វឺនដោយទទួលសិក្ខាកាមកម្ពុជាទៅហ្វឹកហ្វឺននៅសហរដ្ឋអាមេរិក ដែលនៅក្នុងឆ្នាំ២០២៦នេះ មានការកើនឡើងនៃការទទួលយកសិក្ខាកាមកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ក្រសួងសង្គ្រាមយើងរីករាយណាស់ចំពោះការមើលឃើញនូវវឌ្ឍនភាពនៃទំនាក់ទំនងនៅក្នុងកម្រិតក្រសួងការពារជាតិទាំងពីរ ហើយយើងរំពឹងទុកចំពោះវឌ្ឍនភាពនៅពេលអនាគតបន្ថែមទៀត។
ឯកឧត្តម បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានទទួលស្វាគមន៍នាវាចម្បាំងសហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ពរាម ហើយនៅថ្ងៃនេះសហការីរបស់លោកក៏នឹងទៅទស្សនកិច្ចនៅទីនោះផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា កាលពី៤-៥ខែមុន ឯកឧត្តមមានកិត្តិយសបានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី នៅពេលដែលលោកមានវត្តមាននៅឯរដ្ឋធានីវ៉ាស៊ីតោន ចូលរួមនៅក្នុងកិច្ចសន្ទនាស្តីអំពីសន្តិភាពព្រំដែន ហើយលោកក៏បានចូលរួមនៅក្នុងគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធសន្តិភាពព្រំដែននេះ។ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក ក៏បានបញ្ជាក់នូវគោលជំហរថា នៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះនេះ និងបទឈប់បាញ់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ាអាគ្នេយ៍នេះ គឺបានចាប់ផ្តើមទស្សនកិច្ចនៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងព្រះរាជាណាចក្រកម្ពុជា។ សារដែលចង់ជម្រាបជូននៅថ្ងៃនេះ គឺដូចគ្នាអ្វីដែលឯកឧត្តមបានជួបពិភាក្សាសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កាលពី៤ និង៥ខែមុននោះដែរ។ សារទាំងនោះ គឺចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យទំនាក់ទំនងនៅក្នុងតំបន់នេះកាន់តែស៊ីជម្រៅ រួមទាំងប្រទេសកម្ពុជាផងដែរ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ការប្រើប្រាស់នូវវិធីសាស្ត្រដែលពិតជាក់ស្តែង គោរពចំពោះជាតិនិយម គោរពចំពោះបូរណភាពទឹកដី ហើយនិងផលប្រយោជន៍ដែលសមស្របនានា មិនមែនជាការទំនាក់ទំនងដោយរឹងរួស ដោយមិនមានការប្រែប្រួលនោះទេ ហើយក៏មិនបានស្នើសុំដល់ប្រទេសទាំងនោះ រួមទាំងកម្ពុជាផង ត្រូវធ្វើការថាជ្រើសរើសយកភាគីណាមួយនោះដែរ គឺយើងព្យាយាមជួយធ្វើម៉េចឱ្យមានទំនាក់ទំនងមួយ ដែលមានស្ថេរភាព។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបន្តកិច្ចសន្ទានាដោយសន្តិវិធី ធ្វើយ៉ាងណាដោះស្រាយភាពតានតឹងនូវជម្លោះព្រំដែន។ ជាការពិតណាស់ក្នុងតំបន់ភាពជាសមាជិកនៃអាស៊ាន គឺប្រទេសផ្សេងៗមានផលលំបាកក្នុងការយកបញ្ហាមកដោះស្រាយនៅក្នុងវេទិកានេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាទាំងអាស៊ាន និងកិច្ចការខាងមុខនេះ ជាពិសេសកិច្ចប្រជុំ ADMM -ADMM-Plus ខាងមុខនេះ សហរដ្ឋអាមេរិកនឹងដើរតួនាទីសម្របសម្រួលនូវកិច្ចការផ្សេងៗ និងការដោះស្រាយបញ្ហានៅក្នុងតំបន់ ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា