សាលារៀនជាសាក្សីនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ៖ នៅពេលការពិតលើដីបដិសេធការអះអាងរបស់យោធាថៃក្នុងសំនួនវោហាសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀនជាសាក្សីនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ៖ នៅពេលការពិតលើដីបដិសេធការអះអាងរបស់យោធាថៃក្នុងសំនួនវោហាសាស្ត្រ

សាលារៀនជាសាក្សីនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ៖ នៅពេលការពិតលើដីបដិសេធការអះអាងរបស់យោធាថៃក្នុងសំនួនវោហាសាស្ត្រ

យោធាថៃបានអះអាងជាផ្លូវការថា៖ «សាលារៀន ស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនដែលត្រូវបានកំណត់ជាគោលដៅក្រោមកាលៈទេសៈណាមួយឡើយ ក្នុងអំឡុងប្រតិបត្តិការសន្តិសុខរបស់ខ្លួន»។ ប៉ុន្តែសេចក្តីអះអាងមិនអាចផ្លាស់ប្តូរការពិតដែលបានកើតឡើងនៅលើដីបានទេ។ សាលារៀនដែលរងការខូចខាត អគារសិក្សាដែលរងការវាយប្រហារ កុមារដែលត្រូវរត់ចេញពីផ្ទះ និងសិស្សរាប់សែននាក់ដែលត្រូវផ្អាកការសិក្សា គឺជាការពិតដែលត្រូវឆ្លើយតបដោយភស្តុតាង មិនមែនដោយការបដិសេធតាមសេចក្តីថ្លែងការណ៍នោះឡើយ។
ក្នុងការឈ្លានពានរបស់យោធាថៃទាំងពីរលើកក្នុងឆ្នាំ២០២៥ ប្រព័ន្ធអប់រំកម្ពុជានៅតាមតំបន់ព្រំដែនបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ផលវិបាកមិនមែនមានត្រឹមការខូចខាតអគារសិក្សាទេ ប៉ុន្តែបានរំខានដល់សិទ្ធិទទួលបានការអប់រំ សុវត្ថិភាព និងជីវភាពរស់នៅរបស់កុមាររាប់សែននាក់។

Advertisement

ពីសាលារៀនទៅជាតំបន់គ្រោះថ្នាក់ ក្នុងការឈ្លានពានលើកទី១ ដែលយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនប្រមាណ ៦០០ ត្រូវបិទទ្វារ សិស្សប្រមាណ ១៥០,០០០ នាក់ ត្រូវផ្អាកការសិក្សា និងគ្រូបង្រៀនប្រមាណ ៦,០០០ នាក់ រងផលប៉ះពាល់។ តួលេខទាំងនេះមានន័យថា ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ កុមាររាប់សែននាក់ដែលគួរតែអង្គុយក្នុងថ្នាក់រៀន ត្រូវចាកចេញពីសាលា ដោយសារតែទីកន្លែងដែលគួរតែជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារ បានស្ថិតក្រោមហានិភ័យនៃការប្រយុទ្ធ។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានគ្រាប់ចំនួន ៤ គ្រាប់ ធ្លាក់ចូលក្នុងបរិវេណសាលាបឋមសិក្សាមនោរម្យទី១ និងទី២ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នេះជាការពិតមួយដែលសួរត្រឡប់ទៅការអះអាងរបស់យោធាថៃដោយផ្ទាល់ថា៖ បើសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល «មិនដែល» ត្រូវបានប៉ះពាល់ដោយប្រតិបត្តិការយោធារបស់ខ្លួន តើគ្រាប់ទាំងនោះមកពីណា? តើហេតុអ្វីបានជាកុមារត្រូវចាកចេញពីសាលា ហើយហេតុអ្វីសាលារៀនរាប់រយត្រូវបិទទ្វារ?

ការឈ្លានពានលើកទី២៖ ផលប៉ះពាល់លើការអប់រំកាន់តែធ្ងន់ធ្ងរ
នៅពេលសកម្មភាពឈ្លានពានប្រដាប់អាវុធលើកទី២ បានផ្ទុះឡើងជាថ្មីក្នុងខែធ្នូ ឆ្នាំ២០២៥ ផលប៉ះពាល់លើវិស័យអប់រំកម្ពុជាកាន់តែធ្ងន់ធ្ងរ។ យោងតាមទិន្នន័យផ្លូវការ សាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ទាំងសាធារណៈនិងឯកជនសរុប ១,៣១១ សាលា ត្រូវបិទទ្វារ ប៉ះពាល់ដល់សិស្ស ៣២២,១០៣ នាក់ និងគ្រូបង្រៀន ១៥,០៣៤ នាក់។
នៅពីក្រោយតួលេខ ៣២២,១០៣ នាក់នេះ គឺជាកុមារម្នាក់ៗដែលការសិក្សាត្រូវបានកាត់ផ្តាច់ គ្រួសារដែលត្រូវភៀសខ្លួន និងសហគមន៍ដែលជីវភាពប្រចាំថ្ងៃត្រូវបានរំខាន។
បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនជាច្រើនអាចបើកឡើងវិញជាបន្តបន្ទាប់។ ប៉ុន្តែការឈប់បាញ់មិនមានន័យថាផលវិបាកបានបញ្ចប់នៅថ្ងៃនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា សាលារៀនមួយចំនួននៅតែប្រឈមនឹងការខូចខាត បញ្ហាសុវត្ថិភាព និងការលំបាកក្នុងការធ្វើឱ្យដំណើរការសិក្សាវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ នៅតំបន់មួយចំនួន កុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេមិនទាន់អាចត្រឡប់ទៅជីវភាពដូចមុនបានឡើយ។
នេះគឺជាផលវិបាករយៈពេលវែងនៃសង្គ្រាមដែលមិនអាចវាស់ត្រឹមចំនួនថ្ងៃនៃការបាញ់ប្រហារបាន។

ថ្មដា៖ ករណីដែលការបដិសេធត្រូវប្រឈមមុខនឹងភស្តុតាង
ការអះអាងរបស់ភាគីថៃកាន់តែត្រូវការការពន្យល់ នៅពេលពិនិត្យករណីសាលាបឋមសិក្សានៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។
ភាគីថៃបានអះអាងថា ការត្រួតពិនិត្យទិន្នន័យប្រតិបត្តិការ ភូមិសាស្ត្រ និងពេលវេលារបស់ខ្លួន «រកមិនឃើញភស្តុតាង» នៃសកម្មភាពយោធាថៃដែលអាចភ្ជាប់ទៅនឹងការខូចខាតសាលារៀននៅទីនោះ។ ប៉ុន្តែការស៊ើបអង្កេតដោយខ្លួនឯង និងការប្រកាសថាខ្លួនមិនបានរកឃើញភស្តុតាង មិនមែនជាការផ្ទៀងផ្ទាត់ដោយឯករាជ្យឡើយ។

ប្រសិនបើភាគីថៃមានទំនុកចិត្តលើការអះអាងរបស់ខ្លួន គួរតែបើកចំហឱ្យមានការផ្ទៀងផ្ទាត់តាមភស្តុតាងជាក់ស្តែង៖ ទីតាំងនៃការវាយប្រហារ សំណល់គ្រាប់ ប្រភេទអាវុធ ទិសដៅនៃការបាញ់ ទិន្នន័យពេលវេលា ទិន្នន័យជើងហោះហើរ រូបភាពផ្កាយរណប សក្ខីកម្ម និងការវាយតម្លៃដោយអ្នកជំនាញឯករាជ្យ។
ការបដិសេធមិនមែនជាភស្តុតាងនៃភាពគ្មានការទទួលខុសត្រូវនោះទេ។
«មិនបានកំណត់ជាគោលដៅ» មិនមានន័យថា «មិនបានបង្កការខូចខាត» នេះជាចំណុចសំខាន់បំផុតដែលត្រូវបែងចែកឱ្យច្បាស់។

យោធាថៃប្រើពាក្យថា សាលារៀន «មិនដែលត្រូវបានកំណត់ជាគោលដៅ»។ ប៉ុន្តែតាមច្បាប់មនុស្សធម៌អន្តរជាតិ ការវាយតម្លៃលើភាពស្របច្បាប់នៃប្រតិបត្តិការយោធាមិនបញ្ចប់ត្រឹមសំណួរថា តើសាលារៀនត្រូវបានជ្រើសរើសជាគោលដៅដោយចេតនាឬអត់នោះទេ។

ភាគីជម្លោះមានកាតព្វកិច្ចបែងចែករវាងគោលដៅយោធា និងជនស៊ីវិល ឬវត្ថុស៊ីវិល ត្រូវគោរពគោលការណ៍សមាមាត្រ និងត្រូវចាត់វិធានការប្រុងប្រយ័ត្នដែលអាចអនុវត្តបាន ដើម្បីជៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយការបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតវត្ថុស៊ីវិល។
សាលារៀនជាវត្ថុស៊ីវិល និងត្រូវទទួលបានការការពារ។

ដូច្នេះ ការនិយាយថា «យើងមិនបានកំណត់សាលារៀនជាគោលដៅ» មិនអាចឆ្លើយចំពោះសំណួរថា តើការវាយប្រហារបានបង្កការខូចខាតដល់សាលារៀនឬទេ? តើគោលដៅត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវឬទេ? តើហានិភ័យដល់ជនស៊ីវិលអាចត្រូវបានរំពឹងទុកឬទេ? និងតើវិធានការប្រុងប្រយ័ត្នគ្រប់គ្រាន់ត្រូវបានអនុវត្តឬទេ?
តម្លៃនៃការប្រយុទ្ធ មិនមែនវាស់ត្រឹមអគារដែលបាក់បែក នៅពេលសាលារៀនមួយត្រូវបិទ ការខូចខាតមិនមែនមានតែទ្វារសាលាដែលត្រូវចាក់សោទេ។ វាមានន័យថា កុមារមិនអាចចូលរៀន។ គ្រូមិនអាចបង្រៀន។ គ្រួសារត្រូវភៀសខ្លួន។ កុមារមួយចំនួនត្រូវរស់នៅក្នុងមណ្ឌលសុវត្ថិភាព ឬទីជម្រកបណ្តោះអាសន្ន។ ពួកគេប្រឈមនឹងការបាត់បង់ការសិក្សា ភាពភ័យខ្លាច អសន្តិសុខ និងការរំខានដល់ការអភិវឌ្ឍរបស់ខ្លួន។

ដូច្នេះ តួលេខ ១,៣១១ សាលា និងសិស្ស ៣២២,១០៣ នាក់ មិនមែនជាស្ថិតិសាមញ្ញទេ។ វាបង្ហាញពីទំហំផលប៉ះពាល់ដែលការប្រយុទ្ធបានដាក់លើកុមារ និងអនាគតនៃសហគមន៍ទាំងមូល។
អគារអាចជួសជុលឡើងវិញបាន។ បង្អួចអាចដាក់ថ្មីបាន។ តុ និងកៅអីអាចទិញជំនួសបាន។ ប៉ុន្តែពេលវេលាសិក្សាដែលកុមារបាត់បង់ ភាពភ័យខ្លាចដែលពួកគេបានឆ្លងកាត់ និងការរំខានដល់កុមារភាពរបស់ពួកគេ មិនអាចជួសជុលដោយស៊ីម៉ង់ត៍ និងឥដ្ឋបានឡើយ។ សាលារៀនមិនអាចក្លាយជាជនរងគ្រោះស្ងៀមស្ងាត់នៃសង្គ្រាម
កម្ពុជាមិនចាំបាច់ឆ្លើយតបទៅនឹងការបដិសេធដោយការបដិសេធវិញទេ។ អ្វីដែលត្រូវការគឺ ភស្តុតាង ការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវ។

ក្នុងការឈ្លានពានរបស់យោធាថៃលើកទី១ សាលារៀនប្រមាណ ៦០០ ត្រូវបិទ និងសិស្សប្រមាណ ១៥០,០០០ នាក់រងផលប៉ះពាល់។ ក្នុងការឈ្លានពានរបស់យោធាថៃលើកទី២ សាលា ១,៣១១ ត្រូវបិទ និងសិស្ស ៣២២,១០៣ នាក់រងផលប៉ះពាល់។ មានសាលារៀនដែលរងការខូចខាត និងមានគ្រាប់ធ្លាក់ចូលក្នុងបរិវេណសាលា។ ក្រោយការបាញ់ប្រហារបានឈប់ កុមារមួយចំនួននៅតែមិនអាចវិលត្រឡប់ទៅការសិក្សាធម្មតាបាន។

ផលវិបាកនៃអំពើឈ្លានពាននៅតែបន្តរារាំងសិទ្ធិទទួលបានការអប់រំ។ រហូតមកដល់ខែសីហា ឆ្នាំ២០២៦ នេះ នៅឧត្តរមានជ័យ សាលារៀន ៦ បន្តបិទ; បន្ទាយមានជ័យ សាលារៀន ៥ និងសុខាភិបាល ១; ព្រះវិហារ សាលារៀន ៤ បន្តបិទទ្វារ។

ការពិតទាំងនេះមិនអាចត្រូវបានលុបបំបាត់ដោយឃ្លាថា «សាលារៀន ស្ថាប័នសិក្សាធិការ និងហេដ្ឋារចនាសម្ព៏ន្ធស៊ីវិលមិនដែលជាមុខសញ្ញានៃការវាយប្រហារឡើយ»នោះទេ។
ផ្ទុយទៅវិញ ការអះអាងដាច់ខាតថា «មិនដែល» ធ្វើឱ្យមានសំណួរកាន់តែច្បាស់៖ តើអ្នកណានឹងពន្យល់អំពីសាលាដែលខូចខាត? តើអ្នកណានឹងពន្យល់អំពីគ្រាប់ដែលធ្លាក់ក្នុងបរិវេណសាលា? ហើយតើអ្នកណានឹងទទួលខុសត្រូវចំពោះការសិក្សាដែលកុមាររាប់សែននាក់បានបាត់បង់?
នៅទីបញ្ចប់ សាលារៀនដែលរងការខូចខាតមិននិយាយទេ ប៉ុន្តែវាជាសាក្សី។

ស្នាមគ្រាប់មិនមានសញ្ជាតិ។ សំណល់អាវុធមិនចេះឃោសនា។ ទីតាំង ពេលវេលា និងភស្តុតាងមិនអាចកែប្រែដោយសេចក្តីថ្លែងការណ៍បានទេ។ ហើយសំខាន់ជាងគេ គឺសាលារៀនមិនមែនជាសមរភូមិ កុមារមិនមែនជាគោលដៅ ហើយសិទ្ធិទទួលបានការអប់រំមិនគួរក្លាយជាជនរងគ្រោះនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាឡើយ។
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា