មីស៊ីលចិន អាចចាប់សញ្ញាកម្តៅយន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 និង F-35 បានជាក់លាក់រហូតដល់ ៩០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មីស៊ីលចិន អាចចាប់សញ្ញាកម្តៅយន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 និង F-35 បានជាក់លាក់រហូតដល់ ៩០%

មីស៊ីលចិន អាចចាប់សញ្ញាកម្តៅយន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 និង F-35 បានជាក់លាក់រហូតដល់ ៩០%

ប៉េកាំង ៖ មីស៊ីលរបស់ប្រទេសចិន អាចមានសមត្ថភាពចាប់សញ្ញាកម្តៅរបស់យន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35 ផលិតដោយសហរដ្ឋអាមេរិក បានដោយស្វ័យប្រវត្តិ ជាមួយកម្រិតច្បាស់លាស់រហូតដល់ ៩០ភាគរយ ។

Advertisement

យន្តហោះ F-22 និង F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប៉ុន្តែពួកវាមានតួនាទី និងលក្ខណៈសម្បត្តិខុសគ្នាដាច់ ។ តួនាទីរបស់ F-22 គឺកម្ទេចយន្តហោះចម្បាំងសត្រូវ ខណៈ F-35 មានតួនាទីពហុមុខងារ គឺអាចវាយប្រហារទាំងលើអាកាស ដីគោក និងស៊ើបការណ៍ ។

បើតាម Interesting engineering, ក្រុមអ្នកស្រាវជ្រាវយោធាចិនបានអះអាងពីការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធស្វែងរកកម្ដៅប្រភេទថ្មី សម្រាប់បំពាក់លើគ្រាប់មីស៊ីល ដែលមានសមត្ថភាពអាចចាប់ និងកំណត់អត្តសញ្ញាណសញ្ញាកម្ដៅរបស់យន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 Raptor និង F-35 Lightning II បានដោយស្វ័យប្រវត្តិ ជាមួយកម្រិតត្រឹមត្រូវរហូតដល់ ៩០ភាគរយ ។

យោងតាមសារព័ត៌មានបច្ចេកវិទ្យាយោធាចិន, ដើម្បីអាចចាប់សញ្ញាកម្តៅរបស់យន្តហោះ F-22 និង F-35, ចិនបានប្រើប្រាស់ប្រព័ន្ធស្កែន infrared ជំនាន់ថ្មី ប្រើប្រាស់បច្ចេកវិទ្យា AI និងក្បួនដោះស្រាយទិន្នន័យកម្រិតខ្ពស់ ដើម្បីបំបែកសញ្ញាកម្ដៅរបស់ម៉ាស៊ីនយន្តហោះ ចេញពីកម្ដៅបរិស្ថានជុំវិញ និងសញ្ញាក្លែងបន្លំផ្សេងៗ ដែលជាទូទៅយន្តហោះបំបាំងកាយតែងតែប្រើប្រាស់ ដើម្បីគេចចេញពីការចាប់សញ្ញារបស់ប្រព័ន្ធរ៉ាដាទូទៅ ។

អ្នកជំនាញយោធានិយាយថា ថ្វីបើយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ របស់សហរដ្ឋអាមេរិក ដូចជា F-22 និង F-35 ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីកាត់បន្ថយទំហំផ្លាតរ៉ាដា និងកាត់បន្ថយការភាយកម្ដៅយ៉ាងណាក៏ដោយ ប៉ុន្តែការភាយកម្ដៅចេញពីម៉ាស៊ីនកម្លាំងខ្លាំងរបស់ពួកវានៅតែជាចំណុចខ្សោយ ដែលប្រព័ន្ធចាប់សញ្ញាកម្ដៅចម្ងាយឆ្ងាយ (IRST) និងក្បាលដឹកនាំមីស៊ីល AI របស់ចិនអាចទាញយកផលប្រយោជន៍បាន ។

ការអភិវឌ្ឍសមត្ថភាពប្រឆាំងបច្ចេកវិទ្យាបំបាំងកាយនេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហានដ៏សំខាន់មួយរបស់កងទ័ពរំដោះប្រជាជនចិន ក្នុងការស្វែងរកប្រៀបឈ្នះលើសមរភូមិដែនអាកាស និងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

យ៉ាងណា ការធ្វើតេស្តចាប់សញ្ញាកម្តៅរបស់យន្តហោះចម្បាំងបំបាំងកាយអាមេរិក ធ្វើឡើងតែនៅក្នុងមន្ទីរពិសោធន៍ដោយប្រើប្រាស់រូបភាព និងទិន្នន័យសិប្បនិម្មិតតែប៉ុណ្ណោះ មិនមែនជាការបាញ់សាកល្បងជាក់ស្តែងលើគោលដៅយន្តហោះចម្បាំង F-22 ឬ F-35 ផ្ទាល់ នៅក្នុងសមរភូមិពិតប្រាកដនោះទេ ។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកស្រី An Jiangshan មកពីវិទ្យាស្ថានបច្ចេកវិទ្យាក្រុងប៉េកាំង បានបញ្ជាក់ថា ទិន្នន័យជាក់ស្តែងនៅលើសមរភូមិនៅតែរក្សាជាការសម្ងាត់ ៕

ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា