ពិព័រណ៍ឧស្សាហកម្មអន្តរជាតិកម្ពុជាបិទបញ្ចប់ ជាមួយក្តីសង្ឃឹមលើការជំរុញបច្ចេកវិទ្យាឧស្សាហកម្មទំនើបនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍ឧស្សាហកម្មអន្តរជាតិកម្ពុជាបិទបញ្ចប់ ជាមួយក្តីសង្ឃឹមលើការជំរុញបច្ចេកវិទ្យាឧស្សាហកម្មទំនើបនៅកម្ពុជា

ពិព័រណ៍ឧស្សាហកម្មអន្តរជាតិកម្ពុជាបិទបញ្ចប់ ជាមួយក្តីសង្ឃឹមលើការជំរុញបច្ចេកវិទ្យាឧស្សាហកម្មទំនើបនៅកម្ពុជា

 ពិព័រណ៍ឧស្សាហកម្មអន្តរជាតិកម្ពុជាលើកទី១០ ដែលប្រមូលផ្តុំគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងដំណោះស្រាយផលិតកម្មទំនើបៗ បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៦ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បន្ទាប់ពីដំណើរការរយៈពេល៤ថ្ងៃ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគ អ្នកជំនួញ និងសាធារណជន។
 
ព្រឹត្តិការណ៍រយៈពេល៤ថ្ងៃនេះ រួមមានពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ ព្រមទាំងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ។ ពិព័រណ៍ទាំងនេះមានគោលបំណងជំរុញការផ្ទេរបច្ចេកវិទ្យា បង្កើតភាពជាដៃគូធុរកិច្ច និងបើកឱកាសវិនិយោគថ្មីៗ។
 
ព្រឹត្តិការណ៍ឆ្នាំនេះបានទាក់ទាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង២០០ស្តង់ មកតាំងបង្ហាញគ្រឿងចក្រ និងម៉ាស៊ីនទំនើបៗ ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងដំណោះស្រាយនវានុវត្តន៍សម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា ព្រមទាំងបច្ចេកវិទ្យាវេចខ្ចប់ទំនើបៗ ដែលអាចជួយធ្វើទំនើបកម្មដំណើរការផលិតកម្ម។
 
ពិព័រណ៍នេះក៏បានផ្តល់ឱកាសដល់អតិថិជន អ្នកជំនួញ និងអ្នកចូលរួម សិក្សាស្វែងយល់ពីគ្រឿងចក្រឧស្សាហកម្មទំនើប និងស្វែងរកដំណោះស្រាយសមស្របសម្រាប់អាជីវកម្ម។ ជាមួយគ្នានេះ ម្ចាស់អាជីវកម្មក៏អាចស្វែងរកដៃគូពាណិជ្ជកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗ តាមរយៈការជួបជាមួយក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាផ្សេងៗ។
 
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើដល់យុវជនជំនាន់ក្រោយ ព្រមទាំងអាជីវរករ កម្មករ កម្មការិនី ខិតខំសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា និងឧស្សាហកម្មទំនើប ដើម្បីចូលរួមធ្វើទំនើបកម្មគ្រឿងចក្រ និងខ្សែសង្វាក់ផលិតកម្ម ព្រមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង។
 
ព្រឹត្តិការខាងលើបានរំលេចពីការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ ដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI) និងខ្សែច្រវាក់ផលិតកម្មជាដើម ដែលអាចជួយលើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។ ការតាំងពិព័រណ៍នេះមិនត្រឹមតែជួយពង្រីកទីផ្សាររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យម្ចាស់អាជីវកម្មក្នុងស្រុកបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការទំនើបកម្មឧស្សាហកម្មផងដែរ។
 
គណៈកម្មការរៀបចំកម្មវិធីបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងពិព័រណ៍រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឈានដល់កម្រិតស្តង់ដារថ្មីមួយទៀត៕

រូបភាព៖ សម្បត្តិ
អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា