ជំនួបរវាងសម្តេចតេជោ និងគ្រួសារឯកឧត្តម កឹម សុខា បើកច្រកទៅរកការផ្សះផ្សាជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនួបរវាងសម្តេចតេជោ និងគ្រួសារឯកឧត្តម កឹម សុខា បើកច្រកទៅរកការផ្សះផ្សាជាតិ

ជំនួបរវាងសម្តេចតេជោ និងគ្រួសារឯកឧត្តម កឹម សុខា បើកច្រកទៅរកការផ្សះផ្សាជាតិ

ជំនួបដ៏កម្ររវាងសម្តេចតេជោ ហ៊ុន សែន និងគ្រួសារលោក កឹម សុខា ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាជំហានយុទ្ធសាស្ត្រក្នុងការសម្រួលបរិយាកាសនយោបាយ និងបើកច្រកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានទម្លាយឱ្យដឹងថា ឯកឧត្តម កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមគ្រួសារ បានចូលសួរសុខទុក្ខសម្ដេច និងពិភាក្សាការងារជាមួយគ្នារហូតជាង៣ម៉ោង កាលពីរសៀលថ្ងៃទី ១៦ សីហា។

ប៉ុន្មានសប្តាហ៍មុន ឯកឧត្តមកឹម សុខា បានមកជួបសម្តេចម្តងហើយ មុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក ហើយពេលនេះ ឯកឧត្តមកឹម សុខា បានមកជួបម្តងទៀត រួមជាមួយភរិយា និងកូនស្រី។ នៅក្នុងជំនួបលើកនេះ សម្ដេចតេជោបានសរសើរថា កូនស្រីរបស់ឯកឧត្តម កឹម សុខា គឺអ្នកនាង​ កឹម មនោវិទ្យា ​គឺជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។

កូនស្រ្តីច្បងរបស់ឯកឧត្តម កឹម សុខា គឺជាអតីតមន្រ្តីជាន់ខ្ពស់ម្នាក់នៃអតីតគណបក្សសង្គ្រាះជាតិ។ អ្នកនាង បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ San Jose State University នៅសហរដ្ឋអាមេរិក និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Amsterdam នៅប្រទេសហូឡង់។

ជំនួបរវាងសម្តេចតេជោ និងគ្រួសារឯកឧត្តម កឹម សុខា បានធ្វើឡើងតែ ២ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យអ្នកនាង កឹម មនោវិទ្យា ចូលជួបជជែកការងារ។ សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា មានកិច្ចការជាច្រើនដែលភាគីទាំងពីរអាចសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនៅលើឆាកអន្តរជាតិ។

អ្នកវិភាគមើលឃើញថា ជំនួបរវាងគ្រួសារអ្នកនយោបាយជាន់ខ្ពស់ទាំងពីរ គឺជាសញ្ញាណវិជ្ជមានដ៏សំខាន់សម្រាប់ជាតិ។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា រូបភាព និងសារនៃជំនួបនេះ បានបង្កើតនូវបរិយាកាសនយោបាយល្អប្រសើរ និងជាសាររំលឹកដល់សាធារណជនថា ភាពខុសគ្នាខាងនិន្នាការនយោបាយ មិនគួរក្លាយជាឧបសគ្គរារាំងខ្មែរមិនឱ្យធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ជាតិនោះទេ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា សាមគ្គីភាព និងឯកភាពជាតិ គឺជាអាវក្រោះការពារជាតិដ៏មានអានុភាពបំផុត ហើយដើម្បីឱ្យកម្ពុជាខ្លាំងក្លា ចាំបាច់ត្រូវចាប់ផ្តើមចេញពីការរួបរួមគ្នារវាងខ្មែរ និងខ្មែរជាមុនសិន។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ជំនួបដ៏កម្ររវាងគ្រួសារអ្នកនយោបាយជាន់ខ្ពស់នេះ គឺជាសញ្ញានៃការផ្លាស់ប្តូរពីនយោបាយតានតឹងប្រឈមមុខដាក់គ្នា មកជានយោបាយបត់បែន និងការសម្របសម្រួល។ លើសពីនេះ ជំនួបនេះស្តែងឱ្យឃើញពីភាពជឿជាក់ខ្ពស់របស់ថ្នាក់ដឹកនាំអាណត្តិថ្មី ក្នុងការគ្រប់គ្រងស្ថានការណ៍ផ្ទៃក្នុង និងការបើកលំហចរចាជាមួយអ្នកនយោបាយរៀបច្បង។

លោកបណ្ឌិត បានបន្ថែមថា ជំនួបនេះក៏ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» តាមរយៈការបង្រួបបង្រួមជាតិ ការកាត់បន្ថយសម្ពាធផ្ទៃក្នុង និងការបំបែកចរន្តប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា