អាម៉េរិកទៅមើលមូលដ្ឋានសមុទ្ររាម ហើយចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិកទៅមើលមូលដ្ឋានសមុទ្ររាម ហើយចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា

អាម៉េរិកទៅមើលមូលដ្ឋានសមុទ្ររាម ហើយចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា

ជាមួយការធ្វើទស្សនកិច្ចជាថ្មីនៅមូលដ្ឋានសមុទ្ររាម សហរដ្ឋអាម៉េរិករំពឹងថា នឹងមានការចូលចតនាវាចម្បាំងអាមេរិក និងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ក្នុងគោលដៅបង្កើនទំនុកចិត្ត និងថែរក្សាសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

បន្ទាប់ពីកិច្ចពិភាក្សាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ភាគីអាម៉េរិកបានបង្ហាញក្តីរំពឹងលើការជំរុញវត្តមាននាវាចម្បាំង និងការរឹតចំណងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីជាមួយកម្ពុជា។

ការរំពឹងទុកជាថ្មីនេះ បានស្តែងឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្គ្រាមអាម៉េរិក លោក John Noh និងជំនួយការរងរដ្ឋលេខាធិការ លោក Rafael Leonardo បានចុះពិនិត្យទីតាំងផ្ទាល់ និងជួបពិភាក្សាការងារជាមួយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម អំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងសង្គ្រាមអាម៉េរិកមកកាន់កម្ពុជា កាលពីថ្ងៃទី ១៤ សីហា។

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃចន្ទនេះថា អាម៉េរិករំពឹងយ៉ាងមុតមាំលើការជំរុញទស្សនកិច្ចនាវាចម្បាំង និងការបង្កើនកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ក្នុងគោលដៅបង្កើតទំនុកចិត្ត និងថែរក្សាសន្តិសុខតំបន់។

គួររំលឹកថា មូលដ្ឋានសមុទ្ររាម ធ្លាប់ជាប្រធានបទក្តៅ និងប្រឈមមុខនឹងការយល់ច្រឡំជាច្រើនពីសំណាក់សហរដ្ឋអាម៉េរិក។ ​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗពីភាពស្មោះត្រង់ និងបើកចំហ ដោយស្វាគមន៍នាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសជាមិត្តទាំងអស់ឱ្យចូលចតដោយគ្មានការលាក់លៀមឡើយ។

ការបើកចំហនេះ បានទទួលនាវាចម្បាំងជប៉ុនចំនួន២គ្រឿង ចូលចតមុនគេ បន្ទាប់មកជានាវាកងទ័ពជើងទឹកវៀតណាម និងនាវាចម្បាំងអាម៉េរិក USS Cincinnati ដែលបានចូលចតកាលពីចុងខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអាម៉េរិក ក៏បានប្រកាសពីមូលដ្ឋានសមុទ្ររាមថា សមយុទ្ធរួម «អង្គរឆ្មាំព្រៃ» រវាងកងទ័ពទាំងពីរ អាចនឹងចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ បន្ទាប់ពីខកខានជិត១ទសវត្សរ៍។

បច្ចុប្បន្ន ទំនាក់ទំនងការពារជាតិរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវគេមើលឃើញថា មានភាពជិតស្និទ្ធ និងមានរបត់វិជ្ជមានគួរឱ្យកត់សម្គាល់ តាមរយៈទស្សនកិច្ចជាញឹកញាប់របស់មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកមកកាន់កម្ពុជា៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា