ឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានទទួលបណ្ដឹងជាង៦០០​ដោះស្រាយ​បានជាង៥០០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានទទួលបណ្ដឹងជាង៦០០​ដោះស្រាយ​បានជាង៥០០

ឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានទទួលបណ្ដឹងជាង៦០០​ដោះស្រាយ​បានជាង៥០០

ភ្នំពេញ៖ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៦០៣បណ្ដឹង ក្នុងនោះមាន​បណ្តឹង​ស្ទួន​ចំនួន ៤៦បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន២៤បណ្ដឹង។ បើធៀប​នឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុប​បាន​កើនឡើង២០២​បណ្ដឹង ស្មើនឹង៥០ភាគរយ។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋាន​ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ។

បើតាមរបាយការណ៍អគ្គាធិការដ្ឋានបណ្តឹងទាំងនោះរួមមាន បណ្តឹង​ប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ៦១បណ្ដឹង, ប្រជាពល​រដ្ឋជា​មួយនឹងមន្ត្រីរាជការ១៣២បណ្ដឹង មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ៧បណ្ដឹង មន្ត្រីរាជការជាមួយនឹងអង្គភាពចំណុះ​ក្រសួងមហាផ្ទៃ ៩បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី​រាជការសរុប ៣២៤បណ្ដឹង ខណៈពាក្យបណ្ដឹង​ដែល​អគ្គាធិការ​មានសរុបចំនួន៧២៤បណ្ដឹង ក្នុងនោះពាក្យដែលបានបន្តនីតិវិធី​កន្លងមកមានចំនួន១៩១បណ្ដឹង។

ក្នុងចំណោមពាក្យបណ្តឹងទាំងនោះទទួលបានតាមរយៈ តាមទំព័រ​ហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៥បណ្ដឹង តាមការបញ្ជាផ្ទាល់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានចំនួន៨បណ្ដឹង តាមរយៈ​ក្រុមការងារហ្វេសប៊ុកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំនួន៣បណ្ដឹង តាមរយៈការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួង​មហាផ្ទៃ ២៨បណ្ដឹង តាមប្រព័ន្ធអនឡាញ ១៨២បណ្ដឹង តាមការ​ស្រង់មតិយោបល់ពីទំព័រហ្វេសប៊ុកអគ្គាធិការដ្ឋាន ១០បណ្ដឹង និងស្រង់​ខ្លឹមសារ​សារព័ត៌មានតាមបណ្ដាញសង្គម សរុប៣៦៧​បណ្ដឹង។

បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាព​ពាក់ព័ន្ធចំនួន​២៣៧របាយការណ៍។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុង​ការដោះ​ស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យ​ចាត់ចែង​ពាក្យបណ្ដឹង និងបាន​រៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់​ចែងពាក្យបណ្ដឹងចំនួន​៣៩៦បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន១៨៦​របាយការណ៍។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានក៏បានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវ ៤៤បណ្ដឹង និងចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹងរបស់​ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង ១៦ស.ជ.ណ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ឱ្យដឹងថា ជារួមលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានបានដោះស្រាយពាក្យបណ្ដឹងចំនួន៥៤៤បណ្ដឹង ស្មើនឹង ៧៥ភាគរយ នៃបណ្ដឹងសរុប ដែលចំនួន​នេះបានកើនឡើង ៨ភាគរយ បើធៀបនឹងលទ្ធផលដោះស្រាយក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈ​បណ្ដឹងនៅសេសសល់១៨០​បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្ត​ដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត។

ដើម្បីគាំទ្រដល់ដំណើរការបំពេញការងារប្រកបដោយប្រសិទ្ធភាព អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃមាននាយកដ្ឋាន​ចំណុះសរុប៦​នាយកដ្ឋាន រួមមាន នាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេត​ស្រាវជ្រាវ​កិច្ចការរដ្ឋបាល នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្ដាល នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាល​រាជធានី ខេត្ត និងនាយកដ្ឋាន​ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា