កម្ពុជា ត្រៀមចុះកិច្ចព្រមព្រៀងជាមួយមីយ៉ាន់ម៉ា និងបារាំង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ត្រៀមចុះកិច្ចព្រមព្រៀងជាមួយមីយ៉ាន់ម៉ា និងបារាំង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា

កម្ពុជា ត្រៀមចុះកិច្ចព្រមព្រៀងជាមួយមីយ៉ាន់ម៉ា និងបារាំង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា

​កម្ពុជា ​ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសមីយ៉ាន់ម៉ា និងបារាំង ក្នុងពេលឆាប់ៗ បន្ទាប់ពីបានបញ្ចប់ការចរចា​រួចរាល់​កាលពីពេលថ្មីៗនេះ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ។
 
ទន្ទឹមនេះ កម្ពុជាក៏កំពុងបន្តការចរចាកិច្ចព្រមព្រៀង DTA ជាមួយប្រទេស ៥ផ្សេងទៀតដែរ រួមមាន៖ ជប៉ុន អេមីរ៉ាតអារ៉ាប់រួម ម៉ារុក កាតា និងអាស៊ែបៃហ្សង់ ដើម្បីពង្រីកបណ្តាញកិច្ចព្រមព្រៀងនេះបន្ថែមទៀត។
 
កិច្ចព្រមព្រៀង DTA បានដើរតួយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការ លុបបំបាត់ការយកពន្ធត្រួតគ្នា និងការផ្តល់ភាពច្បាស់លាស់។
 
លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ​កិច្ចព្រមព្រៀង DTA គឺជាការបែងចែកសិទ្ធិ ក្នុងការយកពន្ធរវាងគូភាគីនៃប្រទេសជាហត្ថលេខី ហើយការរៀបចំចរចាកិច្ចព្រមព្រៀង DTA ជាមួយបណ្តាប្រទេសជាដៃគូវិនិយោគសំខាន់ៗ ត្រូវបានធ្វើឡើងដើម្បី ទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ក្រាបការគេចវេះពន្ធ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
 
លោក​បានលើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពថ្មីៗនៃពន្ធអន្តរជាតិ» ដែលបានរៀបឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ​នៅទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយលោកបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ និងសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។
 
គិតមកដល់បច្ចុប្បន្ន កម្ពុជា មានកិច្ចព្រមព្រៀង DTA ចំនួន ១១ ដែលបានចូលជាធរមាន និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព រួមមាន ជាមួយប្រទេសសិង្ហបុរី ចិន ថៃ ប៊្រុយណេ វៀតណាម ឥណ្ឌូនេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា