កូរ៉េខាងត្បូង ស្នើ អាមេរិក យកឱកាសបន្ថយទំហំសមយុទ្ធជាមួយខ្លួនទៅសាងទំនាក់ទំនងល្អូកល្អឺននជាមួយ កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ស្នើ អាមេរិក យកឱកាសបន្ថយទំហំសមយុទ្ធជាមួយខ្លួនទៅសាងទំនាក់ទំនងល្អូកល្អឺននជាមួយ កូរ៉េខាងជើង

កូរ៉េខាងត្បូង ស្នើ អាមេរិក យកឱកាសបន្ថយទំហំសមយុទ្ធជាមួយខ្លួនទៅសាងទំនាក់ទំនងល្អូកល្អឺននជាមួយ កូរ៉េខាងជើង

សេអ៊ូល ៖ ក្រៅពីមិនអាក់អន់ចិត្តនឹងអាមេរិកចំពោះការកាត់បន្ថយសកម្មភាពធ្វើសមយុទ្ធជាមួយខ្លួន, កូរ៉េខាងត្បូងថែមទាំងបង្ហាញពីក្តីសង្ឃឹមនៅថ្ងៃចន្ទនេះទៀតថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់អាមេរិក គឺនឹងក្លាយជាឱកាសបង្កើតបានទំនាក់ទំនងល្អូកល្អឺនរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងផងដែរ ។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានប្រធានាធិបតីកូរ៉េខាងត្បូង, បើទោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសកាត់បន្ថយបែបនេះក្ដី ទីក្រុងសេអ៊ូលនៅតែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលវ៉ាស៊ីនតោនលើសមយុទ្ធនេះ ដើម្បីរក្សាជំហរការពារជាតិរួមគ្នាឱ្យបានរឹងមាំ ។

ជាមួយគ្នានេះ ការិយាល័យប្រធានាធិបតីក៏បង្ហាញពីក្តីសង្ឃឹមដែរថា «ទំនាក់ទំនងមិត្តភាព រវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងនាំទៅរកកិច្ចសន្ទនាប្រកបដោយផ្លែផ្កា និង អត្ថន័យ បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើសកម្មភាពបែបនេះហើយ»។

កន្លងមក លោក ដូណាល់ ត្រាំ ក៏បានលើកឡើងពី «ទំនាក់ទំនងល្អ» របស់លោក ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ ។ លោក ត្រាំ និយាយថា មេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះមិនសប្បាយចិត្តចំពោះសមយុទ្ធណាមួយដើម្បីត្រៀមឆ្លើយតបទៅនឹងការវាយប្រហារ ដែលអាចកើតមាន ពីសំណាក់កូរ៉េខាងជើង នោះឡើយ ។

មេដឹកនាំអាមេរិកវ័យ ៨០ ឆ្នាំរូបនេះថែមទាំងលើកឡើងទៀតថា បើមិនកាត់បន្ថយសមយុទ្ធទេនោះ, វានឹងក្លាយជាការមិនសមរម និងបង្ហាញពីអរិភាព ។

លោក Ryan Donald អ្នកនាំពាក្យបញ្ជាការដ្ឋានកងកម្លាំងរួម អាមេរិក និងកូរ៉េខាងត្បូងនិយាយថា សមយុទ្ធអាមេរិក-កូរ៉េខាងត្បូង ដែលត្រូវផ្តើមរៀបចំឡើង នៅថ្ងៃចន្ទនេះ នឹងមានការក្លែងធ្វើប្រយុទ្ធទល់នឹងកងទ័ពកូរ៉េខាងជើង ដែលមានបទពិសោធន៍ប្រយុទ្ធផ្ទាល់ ចេញពីសង្គ្រាម រវាង រុស្ស៊ី និង អ៊ុយក្រែន ។

បើតាម CNA, លំហាត់សមយុទ្ធ ដែលរួមមានកងទ័ពកូរ៉េខាងត្បូងចំនួន ១៨,០០០ នាក់ និង កងទ័ពអាមេរិកប្រចាំនៅប្រទេសមួយនេះ ក៏នឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសង្គ្រាមយន្តហោះដ្រូន, ការរំខានប្រព័ន្ធ GPS និងតួនាទីនៃការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត ឬ Cyberattacks ជាដើម ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា