អាមេរិក ងាកមកទិញដ្រូន ចិន បំពេញស្តុកនៅឯមូលដ្ឋានមីស៊ីលនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ងាកមកទិញដ្រូន ចិន បំពេញស្តុកនៅឯមូលដ្ឋានមីស៊ីលនុយក្លេអ៊ែរ

អាមេរិក ងាកមកទិញដ្រូន ចិន បំពេញស្តុកនៅឯមូលដ្ឋានមីស៊ីលនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកបានអះអាងដ៏កម្រមួយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ជាទិញយន្តហោះដ្រូនផលិតដោយក្រុមហ៊ុនចិន DJI យកមកស្តុកទុកប្រើប្រាស់ នៅក្នុងមូលដ្ឋានមីស៊ីលនុយក្លេអ៊ែរ ស្ថិតក្នុងរដ្ឋ Wyoming ។

កងវរៈសេនាតូចប្រតិបត្តិការសន្តិសុខមីស៊ីលទី ៩០ របស់អាមេរិកបញ្ជាក់ថា យន្តហោះដ្រូនទាំងនេះនឹងត្រូវប្រើដោយមូលដ្ឋានកងទ័ពអាកាស F.E. Warren ក្នុងការហ្វឹកហ្វឺនសាកល្បងរ៉ាដា, ប្រព័ន្ធរំខានរលកសញ្ញា និង ប្រព័ន្ធកម្ទេចដ្រូនផ្សេងៗទៀត តាមរយៈការប្រឈមជាមួយរលកសញ្ញាដ្រូនជាក់ស្តែង ជំនួសឱ្យការប្រើប្រាស់រលកសញ្ញាសិប្បនិម្មិត ។

បើតាម defence-blog, ការបញ្ជាទិញនេះ រួមមាន ដ្រូនស្លាប ៤ ប្រភេទ DJI Mavic 2 Pro ចំនួន ២ គ្រឿង, ដ្រូន DJI Mini 3 Pro ចំនួន ២ គ្រឿង, ឈុត DJI Avata 2 Fly More ចំនួន ២ ឈុត ព្រមទាំង ឧបករណ៍បញ្ជាផងដែរ ។

ការបញ្ជាទិញដ៏កម្រយ៉ាងដូច្នេះ បានធ្វើឡើង ចំពេលដែលក្រុមហ៊ុន DJI របស់ចិនទទួលបានឱកាសថ្មីមួយ ដើម្បីរួចផុតពីបញ្ជីខ្មៅ របស់មន្ទីរបញ្ចកោណ ។

ជាក់ស្តែង កាលពីសប្តាហ៍មុន តុលាការអាមេរិកនៅសង្កាត់ Columbia Circuit បានបញ្ជាឱ្យតុលាការថ្នាក់ក្រោមពិចារណា ដកក្រុមហ៊ុនផលិតយន្តហោះដ្រូនដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ចេញពីបញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណ ។

តុលាការចាត់ទុកការចោទប្រកាន់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅចិនមួយនេះថា មានទំនាក់ទំនងគាំទ្រដល់វិស័យយោធារបស់ទីក្រុងប៉េកាំង គឺជាការសម្រេចចិត្តខុស ព្រោះថា តុលាការថ្នាក់ក្រោមបានធ្វើការសន្និដ្ឋាន ដោយគ្រាន់តែពឹងផ្អែកលើព័ត៌មាន ដែលមិនមែនជាឯកសារសម្ងាត់ ។

បើតាម CNA, កាលពីខែមិថុនា ក្រសួងការពារជាតិអាមេរិកបានពង្រីកបញ្ជីខ្មៅរបស់ខ្លួន ដល់ក្រុមហ៊ុនចំនួន ១៨៨ ដោយបង្ហាញពីក្តីបារម្ភថា យោធាចិនអាចទាញយកផលប្រយោជន៍ពីវិស័យឯកជនរបស់ខ្លួន ដើម្បីសម្រេចបាននូវវឌ្ឍនភាពនានា ក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងទីក្រុងប៉េកាំង និង ទីក្រុងវ៉ាស៊ីនតោន៕

ប្រភព ៖ CNA, defence-blog ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា