រុស្ស៊ី ចោទ លោកខាងលិច ប្រើប្រាស់សង្គ្រាម អ៊ុយក្រែន ធ្វើជាសមរភូមិសាកល្បងអាវុធថ្មីៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ លោកខាងលិច ប្រើប្រាស់សង្គ្រាម អ៊ុយក្រែន ធ្វើជាសមរភូមិសាកល្បងអាវុធថ្មីៗ

រុស្ស៊ី ចោទ លោកខាងលិច ប្រើប្រាស់សង្គ្រាម អ៊ុយក្រែន ធ្វើជាសមរភូមិសាកល្បងអាវុធថ្មីៗ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានចោទប្រកាន់ចំៗថា ប្រទេសលោកខាងលិចបាននឹងកំពុងប្រើប្រាស់សង្គ្រាមអ៊ុយក្រែន បម្រើជាសមរភូមិសាកល្បងគ្រឿងសព្វាវុធថ្មីៗ និងឧបករណ៍យោធាជាច្រើនផ្សេងទៀត ។

បើតាម Aljazeera, ប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសមាជិកណាតូផ្សេងទៀត បានផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាទំនើបៗជាច្រើនប្រភេទដល់អ៊ុយក្រែន ដើម្បីការពារខ្លួន និងវាយបកក្នុងសង្គ្រាមជាមួយរុស្ស៊ី ។

យុទ្ធោបករណ៍ទាំងនោះ រួមមានសំណាញ់មេឃ ប្រព័ន្ធកាំភ្លើងធំ និងរ៉ុក្តែតចម្ងាយឆ្ងាយ យន្តហោះចម្បាំង ដ្រូនពិឃាត រថក្រោះ និងរថពាសដែក ក៏ដូចជាគ្រាប់រំសេវ អាវុធប្រឆាំងរថក្រោះ និងឧបករណ៍យោធាផ្សេងៗទៀត ។

យោងតាម TASS, លោកឧត្តមសេនីយ៍ទោ Apty Alaudinov មេបញ្ជាការកងកម្លាំងពិសេស Akhmat របស់រុស្ស៊ី និយាយថា សព្វថ្ងៃ សង្គ្រាមអ៊ុយក្រែនបានក្លាយជាសមរភូមិសាកល្បងមួយ ដែលប្រទេសលោកខាងលិចកំពុងធ្វើតេស្តអាវុធថ្មីៗ យន្តហោះគ្មានមនុស្សបើក និងឧបករណ៍បច្ចេកទេសគ្រប់ប្រភេទរបស់ខ្លួន ។

លោក Alaudinov បានអះអាងថា តាមរយៈយុទ្ធសាស្រ្តនេះ បានសបញ្ជាក់ថា ប្រទេសលោកខាងលិចកំពុងត្រៀមរៀបចំ សម្រាប់ជម្លោះនាពេលអនាគតជាមួយរុស្ស៊ី ។

លោកឧត្តមសេនីយ៍ទោបានពន្យល់ថា យើងមើលឃើញថា ខ្លួនយើងកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលវាហាក់ដូចជាយើងកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែតាមពិតទៅ រដ្ឋជាសមាជិកណាតូទាំងអស់ និងប្រទេសដទៃទៀត ដែលដើរតួជាអ្នកគាំទ្ររបស់ពួកគេ កំពុងឈរនៅពីក្រោយអ៊ុយក្រែន ។

មន្ត្រីការពារជាតិជាន់ខ្ពស់រុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ជាការឆ្លើយតប រុស្ស៊ីក៏ត្រូវតែព្យាយាមទាញយកប្រយោជន៍ពីបញ្ហាជាក់លាក់នេះវិញផងដែរ ដោយបង្កការខូចខាតដ៏ធ្ងន់ថ្ងរទៅដល់រោងចក្រទាំងអស់ ដែលត្រូវបានសាងសង់ដោយការវិនិយោគពីសត្រូវរបស់យើងនៅប្រទេសលោកខាងលិច ។

សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយចូលដល់ឆ្នាំទី៥ហើយ បន្ទាប់ពីទីក្រុងមូស្គូបានបញ្ជូនទ័ពចូលឈ្លានពានទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងកៀវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។

គិតមកទល់ពេលនេះ នៅពុំទាន់មានសញ្ញាណាមួយបង្ហាញថា ជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មួយនេះ នឹងឈានដល់ទីបញ្ចប់នៅឡើយទេ ៕

ប្រភព ៖ Aljazeera និង TASS ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា