ចិន សំងំបង្កើនចំនួនមីស៊ីល ៥០ភាគរយ ដល់នាវាចម្បាំងជំនាន់ថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សំងំបង្កើនចំនួនមីស៊ីល ៥០ភាគរយ ដល់នាវាចម្បាំងជំនាន់ថ្មី

ចិន សំងំបង្កើនចំនួនមីស៊ីល ៥០ភាគរយ ដល់នាវាចម្បាំងជំនាន់ថ្មី

ប៉េកាំង ៖ ប្រទេសចិនកំពុងសំងំបង្កើនចំនួនមីស៊ីលបំពាក់នៅលើនាវាចម្បាំងជំនាន់ថ្មីរបស់ខ្លួនរហូតដល់ ៥០ភាគរយ ដើម្បីទប់ទល់នឹងអំណាចយោធាជើងទឹករបស់សហរដ្ឋអាមេរិក ។

ការធ្វើទំនើបកម្មនេះ នឹងអនុញ្ញាតឱ្យនាវាចម្បាំងរបស់ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី មានទុនបម្រុងគ្រាប់មីស៊ីលកាន់តែធំជាងមុន និងសមត្ថភាពការពារដែនអាកាសខ្លាំងក្លាជាងមុនថែមមួយកម្រិតទៀត ។

បើតាម Interesting engineering, ផែនការធ្វើទំនើបកម្មនាវាចម្បាំងរបស់ចិននេះ ត្រូវបានលាតត្រដាងតាមរយៈរូបភាពពីផ្កាយរណបចុងក្រោយបង្អស់នៅក្នុងខែសីហា ដែលបង្ហាញពីការកែប្រែប្រព័ន្ធបាញ់មីស៊ីលនៅលើនាវាចម្បាំងប្រភេទថ្មីរបស់ខ្លួន ។

ការបង្កើនសមត្ថភាពបាញ់មីស៊ីលនេះ ត្រូវបានគេសង្កេត់ឃើញបំពាក់នៅលើនាវាចម្បាំង Frigate ជំនាន់ថ្មី ប្រភេទ Type 054B ដែលកំពុងស្ថិតក្រោមការសាងសង់នៅក្នុងកម្មវិធីពង្រីកកម្លាំងកងនាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ។

យោងតាម South China Morning Post, នាវាចម្បាំង Type 054B ចំនួនពីរគ្រឿងដំបូង ឈ្មោះ Luohe និង Qinzhou ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន មានប្រព័ន្ធបាញ់មីស៊ីលបញ្ឈរ ហៅកាត់ VLS ចំនួន ៤ ប្លុក ដោយក្នុងមួយប្លុកមាន ៨ គ្រាប់ សរុប ៣២ គ្រាប់ ។

ប៉ុន្តែតាមរយៈរូបភាពពីផ្កាយរណបចុងក្រោយនេះ ប្រទេសចិនបានធ្វើទំនើបកម្មនាវាចម្បាំង Type 054B ដែលកំពុងដំឡើងនៅរោងចក្រក្នុងទីក្រុងស៊ាងហៃ ត្រូវសង្កេតមានប្រព័ន្ធ VLS រហូតដល់ ៦ ប្លុក ដែលធ្វើឱ្យចំនួនមីស៊ីលកើនឡើងដល់ ៤៨ គ្រាប់ កើនឡើង ១៦ គ្រាប់ ឬស្មើនឹង ៥០% ។

ការបង្កើនរន្ធបាញ់មីស៊ីលបញ្ឈរ VLS នេះ នឹងអនុញ្ញាតឱ្យនាវាចម្បាំងចិនផ្ទុកអាវុធទំនើបៗបានកាន់តែច្រើន និងមានភាពបត់បែនក្នុងសមរភូមិជាក់ស្តែង ។

ទន្ទឹមគ្នា អ្នកជំនាញយោធាចិននិយាយថា ការបង្កើនចំនួនមីស៊ីលបំពាក់នៅលើនាវាចម្បាំងជំនាន់ថ្មីរបស់ទីក្រុងប៉េកាំងដោយស្ងៀមស្ងាត់នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តប្រកួតប្រជែងអំណាចជើងទឹកដ៏ស្រួចស្រាវ ជាមួយកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៕

ប្រភព ៖ Interesting engineering និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា