រុស្ស៊ី កោះហៅឯកអគ្គរាជទូត ជប៉ុន មកសួរនាំ ជុំវិញជម្លោះកោះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី កោះហៅឯកអគ្គរាជទូត ជប៉ុន មកសួរនាំ ជុំវិញជម្លោះកោះ​

រុស្ស៊ី កោះហៅឯកអគ្គរាជទូត ជប៉ុន មកសួរនាំ ជុំវិញជម្លោះកោះ​

មូស្គូ ៖ ទីក្រុងមូស្គូប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានកោះហៅឯកអគ្គរាជទូតជប៉ុនមកសួរនាំ បន្ទាប់ពីទីក្រុងតូក្យូថ្កោលទោសដំណើរទស្សនកិច្ចថ្មីៗ របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រជុំកោះគូរីល (Kuril Islands) ស្ថិតនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលជប៉ុនក៏បានអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។

បើតាម CNA, ទំនាក់ទំនងរវាងរុស្ស៊ី និងជប៉ុន ត្រូវបានរំខានជាយូរមកហើយដោយសារបញ្ហាកោះដែលមានជម្លោះនេះ ដែលនៅប្រទេសជប៉ុនគេហៅថា «ទឹកដីភាគខាងជើង» ហើយត្រូវបានសហភាពសូវៀតដណ្តើមយកបាន នៅឆ្នាំ១៩៤៥។

លោក ពូទីន ក្នុងវ័យ ៧៣ឆ្នាំ បានធ្វើដំណើរទៅកាន់កោះទាំងនោះ បន្ទាប់ពីបានទៅទស្សនាកោះសាកាលីន របស់រុស្ស៊ីដែលនៅក្បែរនោះ ដែលសកម្មភាពនេះបានជំរុញឱ្យជប៉ុនកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីដើម្បីធ្វើការតវ៉ា។

ទីក្រុងមូស្គូបានឆ្លើយតបវិញ ដោយការកោះហៅលោក Akira Muto ដែលជាអ្នកតំណាងការទូតជប៉ុន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងកាលពីថ្ងៃចន្ទថា មន្ត្រីជប៉ុនបាន «ដើរហួសព្រំដែននៃភាពសមរម្យ» ក្នុងការរិះគន់ដំណើរទស្សនកិច្ចរបស់លោក ពូទីន។
លោក Lavrov បានប្រាប់អ្នកសារព័ត៌មានថា «យើងបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន តែ ភាគីទីក្រុងតូក្យូបានបញ្ជាក់ លោក Muto មិនអាចមកជួបបានភ្លាមៗនោះទេ»។

លោក Lavrov បញ្ជាក់ថា ការកោះហៅលោក Muto គឺធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពី «ឥរិយាបថរបស់ថ្នាក់ដឹកនាំជប៉ុន» និងរបៀបដែលឯកអគ្គរាជទូត «គួរតែប្រព្រឹត្តខ្លួននៅក្នុងប្រទេសម្ចាស់ផ្ទះ»។

ការកោះហៅនេះ បានធ្វើឡើង ក្រោយពេលដែលជប៉ុនចេញសេចក្តីថ្លែងការណ៍ ប្រកាសប្រឆាំងនឹងទស្សនកិច្ចរបស់ លោក ពូទីន ក្នុងនោះ លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi ប្រកាសចាត់ទុក ទស្សនកិច្ចនេះ ថា ជារឿងមិនអាចទទួលយកបាន៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា