រោងចក្រចំនួន៣នៅបន្ទាយមានជ័យបិទទ្វារដោយសារថៃឈ្លានពាន ក្រសួងការងារធានារកការងារថ្មីជូនកម្មករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រោងចក្រចំនួន៣នៅបន្ទាយមានជ័យបិទទ្វារដោយសារថៃឈ្លានពាន ក្រសួងការងារធានារកការងារថ្មីជូនកម្មករ

រោងចក្រចំនួន៣នៅបន្ទាយមានជ័យបិទទ្វារដោយសារថៃឈ្លានពាន ក្រសួងការងារធានារកការងារថ្មីជូនកម្មករ

រោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យបិទទ្វារដោយសាររងឥទ្ធិពលពីការបិទព្រំដែន ខណៈក្រសួងការងារធានាជួយការពារផលប្រយោជន៍ដល់កម្មករ ហើយសន្យាជួយរកការងារថ្មីជូន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ។

រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មានកម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយធិច មានកម្មករ ២,៥៣២នាក់ ដែលត្រូវបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់។ ចំណែកក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) មានកម្មករ ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ដោយក្រសួងនឹងបន្តតាមដាន ដើម្បីធានាការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករតាមច្បាប់។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះដល់ទីតាំងរោងចក្រដែលរងផលប៉ះពាល់ដោយនាំក្រុមហ៊ុនទៅជាមួយដើម្បីចុះឈ្មោះកម្មករដែលមានបំណងស្វែងរកការងារថ្មី ព្រោះសហគ្រាសដែលកំពុងត្រូវការកម្លាំងពលកម្មច្រើនជំនាញ។ សម្រាប់កម្មករដែលចង់ផ្លាស់ប្តូរមុខរបរ ក្រសួងក៏ផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលជំនាញថ្មីដោយឥតគិតថ្លៃផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការសោកស្តាយចំពោះការបិទរោងចក្រ ដែលនាំឲ្យផលប៉ះពាល់ដល់បងប្អូនកម្មករ ប៉ុន្តែអ្វីដែលក្រសួងយកចិត្តទុកដាក់បំផុត គឺធ្វើយ៉ាងណាធានាសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ ជួយផ្គូផ្គងការងារថ្មី និងផ្តល់ឱកាសរៀនជំនាញថ្មីដោយឥតគិតថ្លៃ។

លោកបន្តថា ទោះមានរោងចក្រមួយចំនួនរងផលប៉ះពាល់ក៏ដោយ ក៏ស្ថានភាពរោងចក្រ សហគ្រាស និងការងារនៅកម្ពុជាជារួមនៅតែបន្តកើនឡើង។ ក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រ សហគ្រាសកើតថ្មីប្រមាណ ២,០០០ ខណៈក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ មានការកើនថ្មីចំនួន ៨៤៥ និងបង្កើតការងារថ្មីរាប់ម៉ឺនកន្លែង។

បន្ថែមពីនេះ បច្ចុប្បន្នមានឱកាសការងារនៅកម្ពុជាជាង ៩ម៉ឺនកន្លែង កំពុងរង់ចាំអ្នក ដែលមានបំណងស្វែងរកការងារ។ ក្រសួងសន្យាបន្តរកការងារជូនកម្មករដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគាត់អាចទទួលបានការងារ និងប្រាក់ចំណូលឡើងវិញបានឆាប់រហ័ស៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា