អគ្គមេបញ្ជាការ៖ កម្លាំងទ័ពមិនមែនស្ថិតលើតែចំនួន ឬសម្ភារៈនោះទេ គឺអាស្រ័យលើគុណភាពធន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គមេបញ្ជាការ៖ កម្លាំងទ័ពមិនមែនស្ថិតលើតែចំនួន ឬសម្ភារៈនោះទេ គឺអាស្រ័យលើគុណភាពធន​

អគ្គមេបញ្ជាការ៖ កម្លាំងទ័ពមិនមែនស្ថិតលើតែចំនួន ឬសម្ភារៈនោះទេ គឺអាស្រ័យលើគុណភាពធន​

 អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា កម្លាំងពិតប្រាកដរបស់កងទ័ពមិនមែនស្ថិតនៅលើតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសនោះទេ ប៉ុន្តែស្ថិតសំខាន់លើគុណភាពធនធានមនុស្ស ដែលមានចំណេះដឹង សមត្ថភាពច្នៃប្រឌិត និងអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងវេទិកា «អង្គរ-មហាកំពែង» ឆ្នាំ២០២៦ នៅវិទ្យាស្ថាននាយទាហានចម្រុះ ក្រោមប្រធានបទ «រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមនៃមិត្តភាពដែកថែប និងកសាងមហាកំពែងវាសនារួម» នៅថ្ងៃទី១៧ ខែសីហា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា វេទិកា «អង្គរ-មហាកំពែង» ផ្តោតលើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតយុទ្ធសាស្ត្រ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងចិន។

ឯកឧត្តម បានកត់សម្គាល់ថា បច្ចេកវិទ្យាទំនើប ដូចជា បញ្ញាសិប្បនិម្មិត ប្រព័ន្ធយានយន្តគ្មានមនុស្សបើក និងបច្ចេកវិទ្យាឌីជីថល កំពុងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើការគិត ការគ្រប់គ្រង និងការប្រតិបត្តិការយោធានៅទូទាំងពិភពលោក។

ក្នុងបរិបទនេះ ឯកឧត្តម បានចាត់ទុកការកសាងធនធានមនុស្សឆ្នើមថា ជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកងទ័ពទំនើប និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិ។ លោកសង្កត់ធ្ងន់ថា កងទ័ពដែលមានបុគ្គលិកល្អ មានចំណេះដឹង និងសមត្ថភាពសម្របខ្លួន នឹងអាចឆ្លើយតបបានកាន់តែប្រសើរចំពោះការផ្លាស់ប្តូរនៃសង្គ្រាម និងបច្ចេកវិទ្យានាពេលអនាគត។

ជាមួយគ្នានេះ វេទិកាក៏មានគោលដៅជំរុញការសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា ការគិតវិភាគ និងការគិតយុទ្ធសាស្ត្រ ព្រមទាំងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីរួមចំណែកអភិវឌ្ឍកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប ដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សប្រកបដោយគុណភាព។

នាយឧត្តមសេនីយ៍ វង្ស ពិសេន រំពឹងថា វេទិកា «អង្គរ-មហាកំពែង» នឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពសម្រាប់ការផ្លាស់ប្តូរគំនិត បទពិសោធន៍ និងចំណេះដឹង ព្រមទាំងរួមចំណែកពង្រឹង «មិត្តភាពដែកថែប» និងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងមានចក្ខុវិស័យរួមសម្រាប់អនាគត៕ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា