កម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្តូរបទពិសោធលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្តូរបទពិសោធលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh

កម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្តូរបទពិសោធលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh

ថ្នាក់ដឹកនាំក្រសួង ស្ថាប័នកម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្តូរបទពិសោធលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា»។

សិក្ខាសាលានេះធ្វើឡើងដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសទីម័រឡេស្តេ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ប្រមាណ ២០០រូប ក្នុងគោលបំណងចែករំលែកបទពិសោធរបស់កម្ពុជាជុំវិញការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ទាំងផ្នែកបច្ចេកទេស និងការអនុវត្តតាមវិស័យ ដល់ប្រតិភូអន្តរក្រសួងមកពីទីម័រឡេស្តេ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលឱ្យទទួលបានជោគជ័យ ត្រូវការកត្តារួមផ្សំជាច្រើន រួមមាន ការសម្រេចចិត្តផ្នែកនយោបាយ កិច្ចសហការរវាងក្រសួង ស្ថាប័ន ក៏ដូចជាប្រព័ន្ធដែលអាចធ្វើសមាហរណកម្មចូលគ្នា ធនធានមនុស្សជំនាញ ធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

តាមការវាយតម្លៃដោយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំឌីជីថលជាង ២០ប្រទេស បរិវត្តកម្មរដ្ឋាភិបាលឌីជីថលអាចចំណាយពេលដល់ទៅ ២០ទៅ៣០ឆ្នាំ ហើយមិនមានប្រទេសច្រើនទេដែលបានជោគជ័យខ្ពស់។

ក្នុងគោលបំណងពន្លឿនបរិវត្តកម្មឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយរយៈពេលនៃការធ្វើបរិវត្តកម្មពី ២០ ទៅ ៣០ឆ្នាំ មកនៅត្រឹម ៦ ទៅ ៧ឆ្នាំ ឬក្រោម ១០ឆ្នាំ និងធានាថា បច្ចេកវិទ្យាទាំងនេះអាចជួយឱ្យកម្ពុជាសម្រេចបានគោលដៅ ទោះបីជាប្រឈមនឹងឧបសគ្គមួយចំនួនក៏ដោយ។

ជាផ្នែកមួយនៃផែនការនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov.kh និងកម្មវិធី DG SuperApp ដែលជួយផ្តល់សេវាសាធារណៈបានឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពទិន្នន័យជូនប្រជាពលរដ្ឋ។

ក្រសួងកំពុងបន្តអភិវឌ្ឍថ្នាល Verify.gov.kh ឱ្យក្លាយជាផ្នែកសំខាន់មួយនៃ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងបំពេញបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈផ្សេងទៀត ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយទីម័រឡេស្តេ នឹងទទួលបានជោគជ័យ និងក្លាយជាគំរូមួយបន្ថែមទៀត សម្រាប់បណ្តាប្រទេសដែលមានចំណាប់អារម្មណ៍ អាចចូលរួមប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើតឡើងដោយកម្ពុជា៕

ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា