រាជធានីភ្នំពេញដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៌ទេសចរណ៌ ២០២៦ -២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជធានីភ្នំពេញដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៌ទេសចរណ៌ ២០២៦ -២០៣០

រាជធានីភ្នំពេញដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៌ទេសចរណ៌ ២០២៦ -២០៣០

ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦ -២០៣០ ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ដើម្បីប្រែក្លាយភ្នំពេញទៅជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយគុណភាព សុវត្ថិភាព ភាពកក់ក្តៅ ស្អាត បៃតង និងភាពទាក់ទាញកម្រិតអន្តរជាតិ។

ពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវកាផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ២០២៦ -២០៣០ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ផែនការនេះ មិនត្រឹមតែជាឯកសារតម្រង់ទិសប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវរួមសម្រាប់ការអនុវត្តជាក់ស្តែង និងការកៀរគរគ្រប់តួអង្គពាក់ព័ន្ធ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅរាជធានីភ្នំពេញ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដោយឈរគោលការណ៍ ស្អាត ឆ្លាត និងបៃតង ព្រមទាំងពង្រឹងឧត្តមភាព និងសមត្ថភាពប្រកួតប្រជែងរបស់រាជធានីភ្នំពេញ ឱ្យក្លាយជាគោលដៅទេសចរណ៍ទីក្រុងដ៏លេចធ្លោមួយនៅក្នុងតំបន់។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានកែច្នៃតំបន់ទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាដើរលេងម្សាន្ត។ ជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានតំបន់ទេសចរណ៍ថ្មី ដែលមានភាពទាក់ទាញដល់ឆាកអន្តរជាតិ នោះគឺការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។

ឯកឧត្តមអភិបាលបានបន្តទៀតថា ទិសដៅបន្ត គឺការរៀបចំកែលម្អច្រាំងទន្លេមុខព្រះបរមរាជវាំង ដែលនឹងធ្វើឲ្យផ្លូវថ្មើជើងចតុមុខ រឹតតែមានភាពទាក់ទាញបន្ថែមទៀត។ ជាមួយនេះ រដ្ឋបាលរាជធានីកំពុងបង្កើតឱ្យមានសួនលំហែថ្មីមួយនៅភាគខាងជើងឈៀងខាងលិចរាជធានី លើផ្ទៃដី៧៥ហិកតា ដោយគិតមកដល់បច្ចុប្បន្ន បានដាំដើមឈើប្រមាណ៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង៣ហិចតានៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយ។

ម៉្យាងទៀត រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាផ្លូវអាទិភាពសម្រាប់រថយន្តក្រុង ចូលមកកណ្តាលរាជធានីភ្នំពេញ ដោយជ្រើសរើសផ្លូវអាទិភាពចំនួន ០១ខ្សែដើម្បីសាកល្បង។ ក្រៅពីនេះ អាជ្ញាធរក៏បានគិតគូរពីការរៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើររបស់មហាជន, ការរៀបចំផ្លូវសម្រាប់ការជិះកង់ និងដាក់ឱ្យប្រើប្រាស់កង់អាគុយសាធារណៈ ដើម្បីបង្កើនភាពងាយស្រួលដល់ទេសចរ និងអ្នកដំណើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប។

ឯកឧត្តមបានអំពាវនាវឲ្យភាគីពាក់ព័ន្ធត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ, កែលម្អ និងពង្រឹងគុណភាព សេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ, ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថា ភ្នំពេញ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយទីក្រុងទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា