ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តដល់និស្សិត និងយុវជននៃកម្មវិធីសិក្សាផ្សេងៗ ខិតខំអភិវឌ្ឍខ្លួន និងយកបទពិសោធន៍ពីក្រៅប្រទេស មកអភិវឌ្ឍសង្គមជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តដល់និស្សិត និងយុវជននៃកម្មវិធីសិក្សាផ្សេងៗ ខិតខំអភិវឌ្ឍខ្លួន និងយកបទពិសោធន៍ពីក្រៅប្រទេស មកអភិវឌ្ឍសង្គមជាតិ

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តដល់និស្សិត និងយុវជននៃកម្មវិធីសិក្សាផ្សេងៗ ខិតខំអភិវឌ្ឍខ្លួន និងយកបទពិសោធន៍ពីក្រៅប្រទេស មកអភិវឌ្ឍសង្គមជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់និស្សិត និងយុវជននៃកម្មវិធីសិក្សាផ្សេងៗទៀត ឱ្យខិតខំពង្រឹងសមត្ថភាព ទាញយកប្រយោជន៍ពីចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍខ្លួន និងយកបទពិសោធន៍ពីក្រៅប្រទេស មកអភិវឌ្ឍសង្គមជាតិ ដោយផ្សារភ្ជាប់ចំណេះដឹងជំនាញសេដ្ឋកិច្ច និងសង្គម ទៅនឹងការអភិវឌ្ឍតំបន់មូលដ្ឋាន ។

ក្នុងពិធីប្រគល់អាហារូបករណ៍ដល់និស្សិតឆ្នើមផ្នែកសេដ្ឋកិច្ច ២រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានកោតសរសើរ និងចូលរួមអបអរសាទរដល់និស្សិតឆ្នើមទាំង ២រូប ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសបារាំង ដែលនេះជាសមិទ្ធផលដ៏ល្អប្រសើរ និងជាជោគជ័យមួយក្នុងជីវិតសិក្សារបស់ខ្លួន ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឪពុកម្ដាយនិស្សិតទាំង ២រូប ដែលអាចនិយាយបានថា ជាដៃគូក្នុងជីវិតដ៏ល្អសម្រាប់កូន បានបង្កលក្ខណៈល្អប្រសើរ និងជំរុញអោយកូនមានលទ្ធភាព និងសមត្ថភាពក្នុងការទទួលបានលទ្ធផលល្អប្រសើរ នាពេលនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តដល់យុវជនកម្ពុជាទាំងអស់ ខិតខំប្រឹងប្រែងបង្កើនសមត្ថភាពចំណេះដឹងរបស់ខ្លួន និងសម្រិតសម្រាំងយកមុខវិជ្ជាណាមួយ ឱ្យចំគោលដៅដែលប្រទេសជាតិ ត្រូវការនាពេលអនាគត ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់និស្សិតទាំងពីររូប ដែលនឹងត្រូវទៅបន្ត ការសិក្សានៅប្រទេសបារាំង លើជំនាញសេដ្ឋកិច្ច ហើយនឹងទទួលបានឱកាសបណ្តុះបណ្តាលកម្រិតខ្ពស់ និងបទពិសោធន៍អន្តរជាតិនោះ ត្រូវតាំងចិត្តខិតខំរៀនសូត្រ និងទាញយកជំនាញដ៏មានតម្លៃនេះ រក្សាកិត្តិយសសេចក្តីថ្លៃថ្នូរ និងជួយលើកស្ទួយវប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ ហើយត្រូវយកចំណេះដឹងទាំងនោះ ត្រៀមខ្លួនចូលរួមអភិវឌ្ឍសង្គមជាតិក្រោយបញ្ចប់ការសិក្សា ។

ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានជំរុញអោយរួមគ្នាគិតគូរ អំពីការបង្កើតបរិយាកាសល្អប្រសើរនៅសាលារៀន ដើម្បីធ្វើឱ្យមនុស្សចង់ទៅរៀន ចង់ចេះ ចង់ដឹង ដែលរួមចំណែកក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជា, ការរៀបចំយន្តការសម្របសម្រួល ការផ្ដល់អាហារូបករណ៍ និងការកសាងខឿនសេដ្ឋកិច្ចជាតិ និងរួមគ្នាផ្លាស់ប្ដូរផ្នត់គំនិតថ្មី សម្រាប់ជាឧត្តមប្រយោជន៍ជាតិនាពេលបច្ចុប្បន្ននិងអនាគត ។

ជាមួយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមរៀបចំក្រុង ប្រែក្លាយឱ្យទៅជារដ្ឋស៊ីវិល័យ ដោយផ្តើមលើការរៀបចំលំហសាធារណៈ និងសាលារៀន ឱ្យមានថ្នាក់រៀនស្អាត បន្ទប់ទឹក ទីធា្ល និងអាហារដ្ឋានសមរម្យ ដើម្បីបង្កើនគុណភាពអប់រំនៅកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា