ក្រសួងអប់រំប្រកាសផ្តល់អាហារូបករណ៍ STEM ចំនួន ៣២០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំប្រកាសផ្តល់អាហារូបករណ៍ STEM ចំនួន ៣២០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត

ក្រសួងអប់រំប្រកាសផ្តល់អាហារូបករណ៍ STEM ចំនួន ៣២០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត

បន្ទាប់ពីការប្រឡងបាក់ឌុប ក្រសួងអប់រំប្រកាសជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញឱ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា។
​ 
សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសបេក្ខជនចំនួន ៣២០នាក់ ដើម្បីទទួលអាហារូបករណ៍ពេញលេញលើថ្លៃសិក្សា និងថវិកាឧបត្ថម្ភប្រចាំខែ សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំ និងថ្នាក់បណ្ឌិត រយៈពេល៣ឆ្នាំ លើជំនាញពាក់ព័ន្ធនឹងការអប់រំផ្នែកស្ទែម ក្នុងនោះមានវិទ្យាសាស្ត្រ បច្ចេកវិទ្យា  វិស្វកម្ម និងគណិតវិទ្យា។
 
យោងតាមការជូនដំណឹងរបស់ក្រសួងអប់រំ អាហារូបករណ៍ទាំង៣២០កន្លែង ត្រូវរៀបចំចែកចេញជា៖ កម្រិតបរិញ្ញាបត្រ ចំនួន ១៥៣កន្លែង និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៥២កន្លែង នៅតាមគ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិជ័យវរ្ម័ន ៧ កំពង់ចាម, សាកលវិទ្យាល័យ ហេង សំរិន ភ្នំប្រុស, សាកលវិទ្យាល័យជាតិមានជ័យ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យក្រចេះ, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ។
 
ចំណែកកម្រិតបណ្ឌិត មានចំនួន ១៥កន្លែង សម្រាប់សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជ័យវរ្ម័ន ៧ កំពង់ចាម។
 
បើតាមលក្ខខណ្ឌតម្រូវរបស់ក្រសួង បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ហើយមិនទាន់ទទួលបានអាហារូបករណ៍ណាមួយពីក្រសួង ឬអាហារូបករណ៍ផ្សេងទៀតឡើយ។ ការផ្តល់អាហារូបករណ៍នឹងផ្តល់អាទិភាពដល់បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ បេក្ខជនមកពីគ្រួសារក្រីក្រ បេក្ខនារី បេក្ខជនមកពីតំបន់ដាច់ស្រយាល ឬលំបាក និងបេក្ខជនមានពិការភាព។
 
សម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនត្រូវជាសាស្ត្រាចារ្យ ឬបុគ្គលិកអប់រំដែលមានបទពិសោធការងារយ៉ាងតិច ១ឆ្នាំ មានមធ្យមភាគពិន្ទុ GPA ចាប់ពី ២,៥ ឡើងទៅ អាយុមិនលើសពី ៤០ឆ្នាំ ព្រមទាំងមានចំណេះដឹងភាសាអង់គ្លេស និងព័ត៌មានវិទ្យាសមស្រប។
 
សម្រាប់កម្រិតបណ្ឌិត បេក្ខជនត្រូវជាសាស្ត្រាចារ្យ ឬបុគ្គលិកអប់រំដែលមានបទពិសោធការងារយ៉ាងតិច ១ឆ្នាំ មានពិន្ទុ GPA ចាប់ពី ៣,០ ឡើងទៅ ធ្លាប់សរសេរសារណាបញ្ចប់ការសិក្សា មានគម្រោងស្រាវជ្រាវច្បាស់លាស់ និងអាយុមិនលើសពី ៤៥ឆ្នាំ។
 
ការប្រឡងជ្រើសរើសកម្រិតបរិញ្ញាបត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ហើយលទ្ធផលនឹងត្រូវបិទផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ចំពោះកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ការប្រឡងសំណេរនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ហើយសម្រាប់បេក្ខជនបណ្ឌិតដែលប្រឡងជាប់សំណេរ ត្រូវការពារគម្រោងស្រាវជ្រាវ និងសម្ភាសន៍ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។ លទ្ធផលផ្លូវការនឹងត្រូវបិទផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា