ម្រេចសកំពតថ្លៃដល់ជាង ៣៥ដុល្លារក្នុងមួយគីឡូ ខណៈការប្រមូល ផលបានជាង ៤៤០តោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្រេចសកំពតថ្លៃដល់ជាង ៣៥ដុល្លារក្នុងមួយគីឡូ ខណៈការប្រមូល ផលបានជាង ៤៤០តោន

ម្រេចសកំពតថ្លៃដល់ជាង ៣៥ដុល្លារក្នុងមួយគីឡូ ខណៈការប្រមូល ផលបានជាង ៤៤០តោន

ទីផ្សារម្រេចខេត្តកំពតកំពុងមានដំណើរការល្អប្រសើរ និង ទទួលបានការគាំទ្រខ្លាំងពីអតិថិជន ពិសេសប្រភេទម្រេច”ស” អាចលក់បានក្នុងតម្លៃខ្ពស់រហូតដល់៣៥ ដុល្លារ ក្នុងមួយគីឡូក្រាម។

ម្រេចខេត្តកំពតដែលជាផលិតផលសម្គាល់ម៉ាកភូមិសាស្ត្រទំនិញ (GI) ទទួលបានភាពល្បីល្បាញលើឆាកអន្តរជាតិ និង​មានទីផ្សារល្អជា ខ្លាំង។ តាមការបញ្ជាក់របស់លោក មឿង គង្គា អភិបាលរងខេត្តកំពត បច្ចុប្បន្ន ម្រេចកំពតមានបីប្រភេទ ក្នុងនេះ៖ ម្រេចពណ៌ស មានតម្លៃថ្លៃជាង គេរហូតដល់ជាង ៣៥ដុល្លារ, ម្រេចក្រហមតម្លៃ ៣៣ដុល្លារ និងម្រេច ខ្មៅតម្លៃ ២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ម្រេចទាំងបីប្រភេទនេះ កំពុងត្រូវបានដាំដុះនៅខេត្តកំពត និងខេត្តកែប។

លោកអភិបាលរងខេត្តបានបន្តថា ខេត្តកំពតប្រមូលផលម្រេចបានជាង ៤៤០ តោនជារៀងរាល់ឆ្នាំ ពីលើផ្ទៃដីដាំដុះជាង ២៨០ ហិកតា។ ដំណាំ នេះមានដាំច្រើននៅក្នុងស្រុកទឹកឈូ ស្រុកដងទង់ កំពង់ត្រាច និង ស្រុកឈូក។

លោក ស៊ីម សុទុម ប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មានAMS ថា ការប្រមូលផលម្រេច ធ្វើ​ឡើង​ចន្លោះពីខែមករា ដល់ខែ កក្កដា ជារៀងរាល់ឆ្នាំ។បច្ចុប្បន្នមានកសិករ ៣៤០ នាក់ កំពុងប្រកបការងារ​ក្នុងវិស័យកសិកម្ម​ដំណាំម្រេច។

ទន្ទឹមនេះដំណាំម្រេចក្រៅពីដាំដុះនៅខេត្តកំពត ,កែប ដំណាំនេះក៏ ត្រូវបានដាំនៅខេត្តចំនួន៣ ផ្សេងទៀត ជាប់​ព្រំដែនវៀតណាម​ គឺខេត្ត​រត​ន​គិរី, មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ។​

ដោយឡែកក្រុមហ៊ុនដែលវិនិយោគលើដំណាំម្រេចនៅខេត្តកំពតកែបមាន ៣២ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនមកពី​ប៉ែកអឺរ៉ុប។

ទ្វីបអឺរ៉ុប ជាទីផ្សារនាំចេញម្រេចខេត្តកំពតធំជាងគេ ក្នុងនោះប្រទេស បារាំងបានទិញប្រមាណ ៥០ តោន គឺ៥០ភាគរយ​នៃការនាំចេញ សរុប ១០០ តោន កាលពីឆ្នាំ ២០២៥។

កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារ ​ពីការ​នាំចេញ​ម្រេច ​នៅ ក្នុងឆ្នាំ ២០២៥ ។ចំនួននេះធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤ ​ដែលមាន​ទំហំ​ទឹក​ប្រាក់ជាង ៣៥ លានដុល្លារ។ ​នេះ​បើយោងតាម របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។​

ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាត្រូវ​បាននាំទៅកាន់ ប្រទេសវៀតណាម ចិន កោះតៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមន៍អឺរ៉ុប៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា