រុស្ស៊ី ប្រកាសចូលខ្លួនជួយប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅអាហ្វ្រិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រកាសចូលខ្លួនជួយប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅអាហ្វ្រិក

រុស្ស៊ី ប្រកាសចូលខ្លួនជួយប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅអាហ្វ្រិក

មូស្គូ ៖ ទីក្រុងមូស្គូប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងការជួយប្រទេសនានា នៅទ្វីបអាហ្វ្រិក ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និង ចេញផ្សាយដោយសារព័ត៌មាន Tass កាលពីថ្ងៃចន្ទ។

បើតាមប្រភព, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងដូច្នេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីមកពីប្រទេសហ្គាណា គឺ លោក Samuel Okudzeto Ablakwa។

ប្រមុខការទូតរូបនេះ អះអាងថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់ការគាំទ្រដល់ប្រទេសនានា នៅអាហ្វ្រិក ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និង ជួយស្តារទំនាក់ទំនងឡើងវិញ រវាងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ហៅកាត់ ECOWAS និងប្រទេសទាំងបី ក្នុងតំបន់ Sahel។

លោកបានមានប្រសាសន៍ថា «យើងបានលើកឡើងពីបញ្ហាសន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅអាហ្វ្រិក ដោយផ្តោតសំខាន់លើស្ថានភាព នៅក្នុងតំបន់ដ៏ធំទូលាយ Sahara-Sahel។ បញ្ហានេះពាក់ព័ន្ធនឹងប្រទេសហ្គាណា និងប្រទេសដទៃទៀត នៅអាហ្វ្រិកខាងលិច»។

លោកបានបន្ថែមថា «យើងត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការគាំទ្រចាំបាច់ដល់ប្រជាជនអាហ្វ្រិក រួមទាំងការជួយស្តារ និងធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីឡើងវិញ រវាងសមាជិក ECOWAS និងសហព័ន្ធរដ្ឋ Sahel»។

អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីរូបនេះបានកត់សម្គាល់ថា ទោះបីជាប្រទេសក្នុងតំបន់ Sahel បានដកខ្លួនចេញពី ECOWAS ក៏ដោយ ក៏ពួកគេនៅតែជាប្រទេសជិតខាងគ្នា ហើយរុស្ស៊ីមានបំណងចង់ឃើញទំនាក់ទំនងរវាងពួកគេ ក៏ដូចជាទំនាក់ទំនងរបស់ប្រទេសទាំងបីក្នុងតំបន់ Sahel ជាមួយប្រទេសអាហ្វ្រិកផ្សេងទៀត មានភាពប្រក្រតីឡើងវិញ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា