កម្ពុជាប្រាប់ទូតកាណាដាពីអំពើព្រៃផ្សៃ និងរំលោភសិទ្ធិមនុស្សរបស់យោធាថៃមកលើពលរដ្ឋខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់ទូតកាណាដាពីអំពើព្រៃផ្សៃ និងរំលោភសិទ្ធិមនុស្សរបស់យោធាថៃមកលើពលរដ្ឋខ្មែរ

កម្ពុជាប្រាប់ទូតកាណាដាពីអំពើព្រៃផ្សៃ និងរំលោភសិទ្ធិមនុស្សរបស់យោធាថៃមកលើពលរដ្ឋខ្មែរ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ឯកឧត្តម Christian Des Roches ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការបញ្ជាក់របស់ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងនៅពេលដែលឯកឧត្តមបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតកាណាដា នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រទេសកាណាដា លើវិស័យសិទ្ធិមនុស្ស។
 
ក្នុងជំនួបនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីការរើសអើងចំ​ពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗពីភាគីថៃ និងការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាក​ស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។
 
ជាមួយគ្នានេះ ឯកឧត្តម កែវ រ៉េមី​ ក៏បានបញ្ជាក់ពីការវាយប្រហារដោយមិនរើសគោលដៅពីយោធាថៃ​ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។
 
ឯកឧត្តមបន្ថែមថា ជាងនេះទៀតភាគីថៃព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង តាមរយៈការឈូសបំ​ផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។
 
រហូតមកដល់ពេលបច្ចុប្បន្ន ជនភៀសសឹកជិត ២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា