ក្រុងបាត់ដំបងចាប់ផ្តើមសាកល្បងញែកសំរាមតាមផ្ទះ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុងបាត់ដំបងចាប់ផ្តើមសាកល្បងញែកសំរាមតាមផ្ទះ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ក្រុងបាត់ដំបងចាប់ផ្តើមសាកល្បងញែកសំរាមតាមផ្ទះ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បងញែកសំរាមនៅក្រុងបាត់ដំបង ដោយណែនាំឱ្យប្រជាពលរដ្ឋបែងចែកសំរាមជា ៣ប្រភេទ គឺ សំរាមសរីរាង្គ សំរាមអាចកែច្នៃបាន និងសំរាមផ្សេងៗទៀត ដើម្បីងាយស្រួលប្រមូល កែច្នៃ និងកាត់បន្ថយការបំពុលបរិស្ថាន។
 
ការញែកសំរាមនេះ នឹងជួយកាត់បន្ថយសំរាមដែលត្រូវយកទៅបោះចោល និងជួយឱ្យសំរាមដែលអាចកែច្នៃបាន អាចយកទៅប្រើប្រាស់ឡើងវិញ ព្រមទាំងកាត់បន្ថយការចំណាយក្នុងការប្រមូល និងដឹកជញ្ជូនសំណល់។
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន គម្រោងនេះត្រូវបានប្រកាសចាប់ផ្តើមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលាក្រុងបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តបាត់ដំបង អង្គការ GIZ ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
 
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ បានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែផ្តល់វិធីសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាមប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់ និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះសំណល់ ដោយចាប់ផ្តើមពីកន្លែងដែលយើងរស់នៅ និងពីគ្រួសាររបស់យើងផ្ទាល់។
 
ចំណែកលោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការកើនឡើងសំរាមនៅតាមទីប្រជុំជន ក្រសួងបរិស្ថាន និងទីភ្នាក់ងារ GIZ កំពុងអនុវត្តគម្រោងគំនិតផ្តួចផ្តើមកំណើនបៃតងសម្រាប់សេដ្ឋកិច្ច ចក្រា សម្រាប់ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព។
 
ដោយឡែក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង សង្ឃឹមថា គម្រោងនេះនឹងជួយពង្រឹងការគ្រប់គ្រងសំរាមប្រចាំថ្ងៃ និងរួមចំណែកទប់ស្កាត់ការបំពុលបរិស្ថាន មិនឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសោភ័ណភាពទីក្រុង ខណៈបរិមាណសំរាមនៅក្រុងបាត់ដំបងកំពុងកើនឡើងជាបន្តបន្ទាប់។
 
ឯកឧត្តម ជឿជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមនឹងអាចពង្រីកបានទូទាំងក្រុងបាត់ដំបង និងតំបន់ទីប្រជុំជនស្រុកនានានៅពេលអនាគត៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា